(វៀតណាម)៖ កោះត្រល់ ជាឈ្មោះកោះដ៏ធំមួយដែលមានចំងាយប្រមាណជា១៥គីឡូម៉ែត្រពីទឹកដីខេត្តកំពត បានក្លាយជាកោះឋានសួគ៌ថ្មីមួយរបស់វៀតណាម ដែលកំពុង ទាក់ទាញ ភ្ញៀវទេសចរចម្រុះពណ៌នៅពេលដែលពលរដ្ឋខ្មែរមួយចំនួននៅតែទន្ទិញរត់មាត់ថាជាអតីតកោះរបស់កម្ពុជា ហើយពេលខ្លះក៏នាំគ្នាគិតថា កោះត្រល់នៅតែជាកោះត្រល់ របស់ខ្មែរ បើទោះបីជាឈ្មោះផ្លូវការនៅលើផែនទីវៀតណាមថា ជាកោះហ្វូគួក (Phu Quoc) រាប់សិបឆ្នាំរួចទៅហើយក្តី ។ ដើម្បីទៅដល់កោះ Phu Quoc ពលរដ្ឋខ្មែរមាន ជម្រើសពីរ៖ ធ្វើដំណើរតាមយន្តហោះពីភ្នំពេញទៅកាន់ទីក្រុងហូជីមិញរួចបន្តហោះទៅកាន់កោះហ្វូកគួកតែម្តង ឬក៏ធ្វើដំណើរដោយរថយន្តចេញពី ភ្នំពេញទៅកាន់ព្រំដែនព្រែកចាក ក្នុងទឹកដីខេត្តកំពតរួចបន្តដំណើរទៅកាន់កំពង់ផែខេត្តហាទៀងរបស់វៀតណាម (អតីតខេត្តពាម) ដែលចំណាយពេលសរុបចន្លោះពី៥ទៅ៦ម៉ោង រួចធ្វើដំណើរបន្តដោយ ជិះកប៉ាល់ឬហៅថា ទូកលឿនដែលត្រូវចំណាយពេល១ម៉ោង១០នាទីថែមទៀតក្នុងចំងាយផ្លូវទឹក៤៥គីឡូម៉ែត្រ។
* ហេតុអ្វីបានជាគេចង់ទៅកោះត្រល់?
ពលរដ្ឋខ្មែរមានមតិពីរខ្វែងគ្នា មតិមួយថាគាត់គួរទៅលេងកោះត្រល់ដើម្បីឲ្យដឹងថាគេអភិវឌ្ឍកោះនោះដល់កម្រិតណាហើយ ឯមតិមួយទៀតថា ដាច់ខាតគាត់មិនទៅជាន់ទឹកដីកោះត្រល់ឡើយក្នុងមួយជីវិត ដោយគាត់គិតថា មិនគួរបញ្ចូលលុយក្នុងហោប៉ៅវៀតណាមបន្ថែមទៀតឡើយ។ យ៉ាងណាក៏ដោយ អ្នកដែលទៅកោះត្រល់ភាគច្រើនចង់ស្វែងយល់រឿងរ៉ាវពាក់ព័ន្ធប្រវត្តិសាស្រ្តកោះនេះច្រើនជាងទៅកំសាន្តជាទេសចរមួយមុខ។ សម្រាប់វៀតណាមកោះត្រល់ ជាកោះដែលធំជាងគេបង្អស់នៅក្នុងប្រទេស ហើយក៏ជាកោះដែលខ្លួនគិតថាមានឆ្នេរសមុទ្រសស្អាត រហូតដាក់រហ័សនាមថា "កោះគុជ" ហើយតាមរយៈគម្រោងអភិវឌ្ឍនិងសន្ទុះកសាងនៅពេលបច្ចុប្បន្ន កោះត្រល់អាចនឹងវ៉ាដាច់កោះនៅកម្ពុជាទាំងអស់ ហើយវៀតណាមអាចនឹងបង្វែរកិច្ចប្រជុំធំៗមួយចំនួនទៅទីនោះនៅប៉ុន្មានឆ្នាំខាងមុខ ។ ប៉ុន្តែសម្រាប់ខ្មែរវិញ កោះត្រល់នៅតែមិនអាចស៊ីដាច់ឆ្នេរនៅតាមកោះជាច្រើនទៀតនៅក្នុងទឹកដីប្រទេសកម្ពុជាឡើយ។
* មានអ្វីខ្លះនៅលើកោះត្រល់?
រហូតមកដល់ខែមេសា ឆ្នាំ២០១៩ សណ្ឋាគារប្រណិតៗលំដាប់ផ្កាយប្រាំមិនតិចជាង៤ទេបានសង់រួចទៅហើយ។ នៅទីនោះក៏មានកន្លែងកំសាន្តសម្រាប់ក្មេង និងមនុស្សចាស់ដែលមានឈ្មោះថា Vinpearl Land មានផ្សាររាត្រី មានទឹកត្រីកោះហ្វូគួក គុជខ្ចង កាហ្វេអោប (សម្រាប់បុរសដែលចង់ស្គាល់រស់ជាតិកាហេ្វពិត និងកាហេ្វថែមសាច់)។ ផ្នែកសាសនាវិញ មានវត្តមួយដែលគេអះអាងថាជាវត្តខ្មែរត្រូវបានគេដាក់ឈ្មោះថា «ពោធិទីបារាមកោះត្រល់ភូក្វឹក» ហើយមានលោកកម្ពុជាក្រោម បីអង្គគង់នៅទីនោះ។ យោងតាមការធ្វើជំរឿននៅឆ្នាំ១៩៨៩ គេរកឃើញពលរដ្ឋខ្មែរក្រោមនិងខ្មែរកណ្តាលយើងប្រមាណជា៣០០គ្រួសារ ហើយរហូតដល់ឆ្នាំ២០១៤ ចំនួនបានថយមកត្រឹម២០០គ្រួសារនៃចំនួនពលរដ្ឋវៀតណាមសរុបប្រហែល១០ម៉ឺននាក់។
* កោះត្រល់មានទំហំប៉ុន្មាន?
រាប់សិបឆ្នាំមកហើយ ពលរដ្ឋខ្មែរតែងធ្វើការប្រៀបធៀបផ្ទៃដីកោះមួយនេះទៅនឹងទំហំផ្ទៃក្រឡាទាំងមូលរបស់ប្រទេសសឹង្ហបុរី។ កោះត្រល់មានទំហំ៥៧៤គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជិត២០ម៉ឺននាក់កំពុងរស់នៅបច្ចុប្បន្ន។ ដោយឡែកប្រទេសសឹង្ហបុរីមានទំហំ៧២១,៥គីឡូម៉ែត្រការ៉េ ហើយមានពលរដ្ឋជាង៥លាននាក់។ វៀតណាមបានបង្ហើបពីគម្រោងអភិវឌ្ឍកោះត្រល់ឲ្យទៅជាសឹង្ហបុរីទី២ ប៉ុន្តែបើតាមការអង្កេតនាពេលបច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងលំនៅដ្ឋានស្កេសស្កាសជាប់ដងផ្លូវ អាចធ្វើឱ្យមហិច្ចតារបស់វៀតណាមនៅឆ្ងាយ ឆ្ងាយដាច់កន្ទុយភ្នែកពីសឹង្ហបុរី ។ មានព័ត៌មានក្រៅផ្លូវការបានបង្ហើបថាថ្នាក់ដឹកនាំវៀតណាមបានកោះប្រជុំមួយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ នៅកន្លែងមួយមិនឆ្ងាយប៉ុន្មានពីកោះត្រល់ដើម្បីពិនិត្យលទ្ធភាពបង្វែរកោះត្រល់ ទៅជាតំបន់ស្វយ័តដែលអនុញ្ញាតឱ្យបរទេសចូលមកវិនិយោគនិងអភិវឌ្ឍឱ្យបានលឿនជាទីបំផុត។
* វៀតណាមបានកោះត្រល់ដោយវិធីណា នៅឆ្នាំណា?
ប្រវត្តិរឿងរ៉ាវពិតជាវែងឆ្ងាយពិបាកនឹងរ៉ាយរ៉ាប់ឲ្យអស់សេចក្តី តែខ្ញុំព្យាយាមសង្ខេបឲ្យខ្លីថា ដោយសារតែបារាំងបានសម្រេចបែងចែកដែនទឹករដ្ឋបាលគ្រប់គ្រងរវាងកម្ពុជា និងវៀតណាមនៅឆ្នាំ១៩៣៩ នោះហើយដែលជាដើមចមនៃការបាត់ទឹកដីកោះត្រល់ឲ្យទៅវៀតណាម។ ពេលនោះខ្មែរយើងស្ថិតនៅក្រោមអាណានិគមបារាំងនៅឡើយ។ អ្នកស្នេហាជាតិខ្មែរឬវីរៈជនខ្មែរជាច្រើនរូបដូចជា អាចារ្យ ហែមចៀវ ពោធិ៍កំបោរ លោក ប៊ុណ្ណ ចន្ទម៉ុល ត្រូវបានបារាំងចាប់និងយកដាក់ពន្ធនាគារនៅគុកកោះត្រឡាច ដែលស្ថិតនៅប៉ែកខាងត្បូងឈាងខាងកើតនៃព្រៃនគរ (ហូជីមិញ) ដោយសារតែការបះបោរប្រឆាំងនឹងបារាំងនៅជំនាន់នោះ។ កោះត្រឡាច យួន ហៅថា "កូ ង ដាវ (Côn Đảo) ឬ កូ ង ស៊ើ ង (Côn Sơn)" បារាំង ហៅថា ពូ លូ កុង ដ័ រ (Poulo Condor)។
អ្នកនយោបាយនិងថ្នាក់ដឹកនាំខ្មែរជាច្រើនរូបបានទាញហេតុផលរៀងៗខ្លួនដើម្បីពន្យល់ថាមូលហេតុអ្វីបានជាកោះត្រល់របូតទៅវៀតណាម ។ បញ្ហាទឹកដីនិងព្រំដែន មិនខុសពី «ចម្រៀងមួយបទដែលតែងមិនចេះចប់នោះទេ» វាជារឿងតភាគ វែងជាងរឿង "មួយពាន់មួយយប់" ដែលជជែកមិនចេះអស់និងមិនចេះហើយ ។
ជម្លោះប្រវត្តិសាស្រ្ត៖ ហួសពេលហើយអូន!
ពលរដ្ឋខ្មែរដែលឈានជើងមកដល់កោះត្រល់តែងជញ្ជក់មាត់ស្តាយក្រោយថាហេតុអ្វីបានជាកោះខ្មែរយើងធ្វើឲ្យធ្លាក់ទៅដៃវៀតណាម? ជម្លោះដែនដី និងដែនទឹកមិនមែនជារឿងថ្មីរបស់កម្ពុជាហើយក៏មិនមែនជារឿងចម្លែករបស់ពិភពលោកដែរ។ រហូតមកទល់ពេលនេះ ប្រទេសជាច្រើន មិនថាជាប្រទេសតូចឬធំ ប្រទេសអ្នកមានឬក្រនោះឡើយ នៅតែជំពាក់វាក់វ័ន្តទៅនឹងជម្លោះដែនដីនិងដែនកោះដែលពុំទាន់ដោះស្រាយដាច់ស្រេច ហើយប្រទេសខ្លះក៏ត្រូវបាត់បង់ដែនដីខ្លះ ឬបង្ខំចិត្តបោះបង់ចោលដោយគ្មានការតវ៉ា ដោយសារតែហេតុផលថា វាហួសសមត្ថភាពនឹងដោះស្រាយ ឬពុំនោះទេត្រូវប្រមូលធនធានទាំងអស់ ដែលមានរួមទាំងជីវិតពលរដ្ឋខ្លួនឯងផង ដើម្បីធ្វើសង្រ្គាមដណ្តើមយកដីឬកោះមួយចំណែកណានោះមកវិញ។ បែរមករឿងកោះត្រល់វិញ ឧបមាថាខ្មែរនៅតែជាម្ចាស់ តើអាចមានមហាសេដ្ឋីខ្មែរយើងណាម្នាក់យកមកអភិវឌ្ឍទ្រង់ទ្រាយធំបានឬទេ? នៅពេលដែលកោះខ្មែរជិត៦០ទៀត ហាក់ដូចជាពុំទាន់រកអ្នកវិនិយោគធំពិតប្រាកដប្រកបដោយទស្សនវិស័យយូរអង្វែងនៅឡើយ។
មហាសេដ្ឋីវៀតណាមមួយរូបឈ្មោះ Phat Nhat Vuong ជាអ្នកជំនួញមួយរូបដែលធ្លាប់រកស៊ីឈើនិងជំនួញផ្សេងៗទៀតជាមួយឡាវនិងកម្ពុជា បានចំណាយទុនជាច្រើនលើការ អភិវឌ្ឍតំបន់ទេសចរច្រើនកន្លែងនៅវៀតណាម ធ្វើឱ្យពិភពលោកស្គាល់ប្រទេសមួយនេះកាន់តែច្រើន ដោយមិនត្រឹមតែធ្វើសណ្ឋាគារប្រណិតៗលំដាប់ផ្កាយ៥ទេ តែអភិវឌ្ឍជាចង្កោម រៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យបង្កើតជាក្រុងទេសចរថ្មីនិងជាកន្លែងដែលអាចទទួលមេដឹកនាំពិភពលោកសម្រាប់កិច្ចប្រជុំធំៗបាន ដែលជាការជួយលើកមុខមាត់របស់វៀតណាមទាំងមូល។
យ៉ាងណាក៏ដោយចុះ ខ្ញុំគិតថាបើខ្មែរអាចយកករណីកោះត្រល់ជាចំណុចចាប់ផ្តើម ដើម្បីបង្វែរពីការឈឺចាប់ ឬការសោកស្តាយនេះ ទៅជាឆន្ទៈថ្មីមួយដើម្បីប្រែក្លាយកោះខ្មែរដែល នៅសេសសល់ឲ្យទៅជាកោះឋានសួគ៍ កោះនៃក្តីស្រមៃ កោះនៃក្តីសុបិន ជាជាងស្រមៃរបស់ដែលបាត់ ហើយមិនអភិវឌ្ឍរបស់ដែលកំពុងមាននៅក្នុងដៃ៕
ដកស្រង់ពីហ្វេកប៊ុក លោក ពុយ គា (Puy Kea)