(ភ្នំពេញ)៖ ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ (DITP) បានបើកព្រឹត្តិការណ៍ ផ្សព្វផ្សាយផ្លែឈើថៃ «Thai Fruit Festival 2019» នៅផ្សារម៉ាក្រូ ខណ្ឌសែនសុខ ដោយមានការចូលរួមពីមន្រ្ដីស្ថានទូតថៃ ប្រចាំកម្ពុជា, Miss Grand Cambodia និង Freshie Boys & Girls រួមទាំងអតិថិជនរបស់ម៉ាក្រូ ជាយ៉ាងច្រើនកុះករ ខណៈព្រឹត្តិការណ៍នេះ មានរយៈពេល១សប្ដាហ៍ ពោលគឺចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩នេះ។
លោក ជីវ៉ាវុឌ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃ បានថ្លែងឲ្យដឹងដែរថា កម្មវិធីផ្សព្វផ្សាយផ្លែឈើថៃ២០១៩ លើកនេះ គឺជាកម្មវិធីជំរុញការលក់ផ្លែឈើថៃ នៅផ្សារម៉ាក្រូ សាខាភ្នំពេញ ដើម្បីបើកឱកាសឲ្យប្រជាជនកម្ពុជា បានទិញផ្លែឈើដែលមានគុណភាពល្អពីចម្ការរផ្ទាល់ ក្នុងតម្លៃសមរម្យ ហើយក៏បានជំរុញការពង្រីកទីផ្សារ ឲ្យកសិករដែលដាំផ្លែឈើថៃ។
លោកបន្តថា ក្នុងកម្មវិធីរៀបចំផ្លែឈើសម្រាប់ឲ្យភ្លក្ស និងលក់តម្លៃសមរម្យនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ Thai Airway និងក្រុមហ៊ុនអាសចរណ៍ Bangkok Airway បានផ្ដល់សំបុត្រយន្ដហោះទៅមកភ្នំពេញ-បាងកក ចំនួនមួយសន្លឹក និង Kong Ju Clinic ផ្ដល់ប័ណ្ណទឹកប្រាក់៦០ដុល្លារ ចំនួន១០សន្លឹក សម្រាប់ការចាប់ឆ្នោតផ្សងសំណាង។
ដោយឡែកលោកស្រី បាន់ជុងចិត្ត អាំងសុសិង្ហ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិ បានឲ្យដឹងថា លោកស្រីមានសោមនស្សរីករាយក្រែលែង ដែលមានឱកាសស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ ក្នុងកម្មវិធីផ្សព្វផ្សាយផ្លែឈើថៃ ២០១៩ នៅផ្សាម៉ាក្រូ នេះ។ ប្រទេសថៃបាននាំយកផ្លែឈើ៨ប្រភេទ មានដូចជា ឪឡឹកពណ៌មាស, សាវម៉ាវ, ធុរេន, មង្ឃុត, ឡុងកុង, មៀន, ក្រូចឃ្វិចទឹកឃ្មុំ និងស្វាយ មកឲ្យអ្នកបរិភោគនៅកម្ពុជា បានរើសតាមតម្រូវការ ហើយគុណភាព គឺរសជាតិឆ្ងាញ់ ពីព្រោះផ្លែឈើទាំងនេះ ជាផ្លែឈើដែលត្រូវបានជ្រើសរើសពិសេស នាំមកដោយផ្ទាល់ពីសហករណ៍កសិកម្ម អ្នកលក់ផ្លែឈើនៅតាមខេត្តជាប់ព្រំដែនថៃ-កម្ពុជា។
លោកស្រីបានបន្ថែមទៀតថា ចំពោះភោជនីយដ្ឋានដែលបង្ហាញពីការធ្វើម្ហូបដោយប្រើប្រាស់ផ្លែឈើ នៅក្នុងកម្មវិធីនេះ ទទួលបានស្លាកសញ្ញា Thai Select ជាស្លាកសញ្ញាដែលក្រសួងពាណិជ្ជកម្មថៃ បញ្ជាក់ពីភូជនីយដ្ឋានថៃ នៅក្រៅប្រទេស ដែលមានស្ដង់ដារ និងម្ហូបរសជាតិបែបថៃ ពិតៗ។
សូមជម្រាប់ថា កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ដែលជួបជាមួយអ្នកលក់ផ្លែឈើ ដែលមានគុណភាពល្អជាច្រើនប្រភេទមកពីថៃ ក្នុងតម្លៃពិសេស ខណៈដែលអតិថិជនទិញផ្លែឈើអស់១០ដុល្លារ និងបានទទួលឆ្នោតមួយសន្លឹក ដើម្បីផ្សងសំណាងរង្វាន់ជាច្រើន។ នៅក្នុងកម្មវិធីនោះ ក៏មានការភ្លក្សផ្លែឈើ ការបង្ហាញការឆ្លាក់ផ្លែឈើ និងការយកផ្លែឈើមកធ្វើជាម្ហូបអាហារ និងបង្អែមជាច្រើនប្រភេទផ្សេងៗទៀតផងដែរ៕