(ភ្នំពេញ)៖ Herbalife Nutrition ជាក្រុមហ៊ុនអាហាររូបត្ថម្ភលំដាប់ពិភពលោក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រារព្ធទិវាបរិច្ចាគឈាមពិភពលោក តាមរយៈការរៀបចំកម្មវិធិបរិច្ចាគឈាម នៅតាមបណ្តាប្រទេសទូទាំង និងបង្កើនការយល់ដឹង អំពីតំរូវការចាំបាច់ សម្រាប់ការបរិច្ចាកឈាមជាទៀងទាត់។
នៅកម្ពុជា Herbalife Nutrition បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលវាមិនត្រឹមតែជាការងារសង្គម តែជាការសង្រ្គោះជីវិតមនុស្ស។ កម្មវិធីនេះ មានការចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុន បុគ្គលិក និងសមាជិកឯករាជ្យ Herbalife Nutrition ប្រមាណជាង៣០០នាក់ ចូលរួមធ្វើការបរិច្ចាគឈាមដោយការស្មគ្រ័ចិត្ត។ ឈាមដែលត្រូវបានបរិច្ចាគ នឹងត្រូវរក្សាទុកនៅ NBTC ដើម្បីសង្គ្រោះជីវិតជនរងគ្រោះដែលមានតំរូវការ។
អ្នកស្រី ឈុន ណៃឈីវ ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife Nutrition បានថ្លែងថា «ការជួយដល់សហគមន៍ គឺជាផ្នែកមួយដ៏ធំ នៃបេសកកម្មរបស់ក្រុមហ៊ុន Herbalife Nutrition ទូទាំងពិភពលោក។ ហើយក្នុងថ្ងៃនេះ រូបខ្ញុំផ្ទាល់ បុគ្គលិកក្រុមហ៊ុន Herbalife Nutrition កម្ពុជា និងសមាជិករបស់យើង រីករាយណាស់ ដែលបានបរិច្ចាគឈាម ដើម្បីជួយដល់ជីវិតមនុស្ស»។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកគ្រប់គ្រងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានថ្លែងផងដែរថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Herbalife Nutrition ដែលបានរៀបចំកម្មវិធីបរិច្ចាគឈាមនេះ»។
លោកលោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងបន្ដថា «ការបរិច្ចាគឈាមរបស់យើងទាំងអស់គ្នានៅថ្ងៃនេះ គឺពិតជាមានសារៈប្រយោជន៍សំខាន់ខ្លាំងណាស់ នៅក្នុងការជួយសង្រ្គោះជីវិតមនុស្ស ហើយនេះគឺជាការកសាងនូវកំលាំងមនុស្សធម៌មួយ សម្រាប់ជាតិរបស់យើងផងដែរ។ ជាការពិតណាស់ នេះគឺជាវប្បធម៌នៃការចែករំលែកមួយដ៏ធំធេងបំផុត»។
សូមជម្រាបថា ការផ្តល់ឈាមមិនមានការប៉ះពាល់ដល់សុខភាពយើងនោះទេ។ ឈាមដែលបាត់បង់ នឹងបំពេញវិញយ៉ាងឆាប់រហ័សនៅក្នុងរយៈពេល២៤ ទៅ៤៨ម៉ោង ដោយពិសាទឹក ផ្លែឈើ ឬអាហារសម្រន់ផ្សេងៗ។ ជាទូទៅ យើងអាចធ្វើការផ្តល់ឈាមនៅរៀងរាល់ ៣-៤ខែម្តងក្នុងមួយឆ្នាំ៕