(ភ្នំពេញ)៖ អ្នករត់ម៉ូតូកង់បីជាង ១០០នាក់ ដែលគេទម្លាប់ហៅថា «ម៉ូតូកង់បីឥណ្ឋា» កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ បានលើកគ្នាទៅតវ៉ានៅតាមផ្លូវក្នុងប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទាមទារឲ្យក្រុមហ៊ុន Pass App ដែលខ្លួនរកស៊ីជាមួយ គិតថ្លៃសេវាត្រឹម ១២ភាគរយបានហើយ ខណៈក្រុមហ៊ុនមួយនេះ បានគិតថ្លៃសេវាពី អ្នករត់ម៉ូតូកង់បីទាំងនោះរហូតដល់ ១៥ភាគរយ។ មានន័យថា បើអ្នករត់ម៉ូតូកង់បីរកបាន ១ម៉ឺនរៀល ត្រូវបង់ជូនក្រុមហ៊ុនចំនួន ១៥០០រៀល។

នាពេលបច្ចុប្បន្ននេះ ម៉ូតូកង់បីឥណ្ឌា (បំពាក់ប្រព័ន្ធ GPS) កំពុងវាលុកទីផ្សារកម្ពុជាយ៉ាងខ្លាំង ដោយសារតែកង់បីឥណ្ឌានេះងាយស្រួលសម្រាប់ធ្វើដំណើរ និងហាក់មានសុវត្ថិភាព។ ម៉ូតូកង់បីដែល នាំចូលពីប្រទេសឥណ្ឌាទាំងនេះ ក៏ជាឃាតកសម្លាប់អ្នករកស៊ីម៉ូតូកង់បីរបស់ខ្មែរ និងម៉ូតូឌុបទៀតផង។ មកពីកត្តាទាំងនេះហើយ បានបង្ខំឲ្យអ្នករត់ម៉ូតូកង់បីខ្មែរ និងអ្នករត់ម៉ូតូឌុប ទៅទិញម៉ូតូកង់បី នាំចូលពីឥណ្ឌា ដើម្បីរកស៊ីដោយអ្នកខ្លះបង់រំលោះផងដែរ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន អ្នករត់កង់បី បានទាមទារទៅក្រុមហ៊ុន Pass App ចំនួន២ចំណុចធំៗរួមមាន៖

*ទី១៖ ពួកគាត់ចង់ឲ្យក្រុមហ៊ុនគិតថ្លៃសេវាពីពួកគេត្រឹម ១២ភាគរយបានហើយ ខណៈក្រុមហ៊ុនបច្ចុប្បន្ន យកថ្លៃសេវាពីពួកគេដល់ ១៥ភាគរយ។ នេះចំពោះអ្នកដែលបានភ្ជាប់សេវាជាមួយក្រុមហ៊ុន។
*ទី២៖ ពួកគាត់សុំឲ្យក្រុមហ៊ុនគិតថ្លៃសេវាពីអតិថិជនតម្លៃ ៣០០០រៀលសម្រាប់មួយគីឡូដំបូង លុះបន្ទាប់មក (ចាប់ពីគីឡូទី២ទៅ...) គិត១២០០រៀលដដែល ខណៈក្រុមហ៊ុនឲ្យគិតថ្លៃត្រឹម ១០០០រៀល។

យ៉ាងណាក៏ដោយ ការតវ៉ារបស់ពួកគេនេះ បានធ្វើឡើងនៅចំពោះមុខតែក្រុមអ្នកសារព័ត៌មានតែប៉ុណ្ណោះ ប៉ុន្តែមិនទាន់ឃើញលិខិតជាផ្លូវការដាក់ទៅកាន់ក្រុមហ៊ុននោះឡើយ។ ការតវ៉ាក៏ត្រូវបានរំសាយភ្លាមៗផងដែរ នៅពេលដែលសមត្ថកិច្ចមូលដ្ឋានបានចុះទៅសួរនាំ និងសុំឲ្យបំបែក ក៏ព្រោះតែការប្រមូលផ្តុំតវ៉ានេះ បានធ្វើឡើងដោយគ្មានច្បាប់ទម្លាប់ នាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

សូមបញ្ជាក់ថា បើតាមអ្នករត់ម៉ូតូកង់បី អ្នកដែលភ្ជាប់សេវាជាមួយក្រុមហ៊ុនមានជាង ២ម៉ឺននាក់ ហើយកន្លងមកពួកគាត់បានទាមទារ ទៅក្រុមហ៊ុនជាច្រើនលើកជាច្រើនសារ ប៉ុន្តែមិនដែលមានការឆ្លើយតប និងដោះស្រាយពីក្រុមហ៊ុននោះទេ៕