(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនមានជំហរប្តឹងកាសែតអាមេរិក The Wall Street Journal ដែលប្រឌិតព័ត៌មានអំពីមូលដ្ឋានទ័ពចិននៅកម្ពុជានោះឡើយ គឺគ្រាន់តែផ្សព្វផ្សាយព័ត៌មានពិតតាមបណ្តាញព័ត៌មានកម្ពុជា ត្រឡប់ទៅវិញតែប៉ុណ្ណោះ។
ការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា សារព័ត៌មានបរទេសមួយចំនួនក្នុងនោះមានទាំង VOA ផងបានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»។
ការផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋាននេះ ធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល ប្រមុខក្រសួងការពារជាតិ និងក្រសួងការពារជាតិចិន៕