(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលការតែងតាំងពី អគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres និងបានទទួលការអនុម័តពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមរួចមក ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ប្រោសព្រះរាជទានតែងតាំងលោកស្រី Maureen HARDING CLARK (អៀរឡង់) ជាចៅក្រមអន្តរជាតិនៅអង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់សាលាក្តីខ្មែរក្រហម ដែល Fresh News ទទួលបាន។

លោកស្រីចៅក្រម Clark ជំនួសលោកស្រីចៅក្រម Agnieszka KLONOWIECKA-MILART (ប៉ូឡូញ) ដែលបានលាឈប់ពីមុខតំណែងកាលពីចុងឆ្នាំ២០១៨។ លោកស្រីចៅក្រម Clark បានបំពេញការងារជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុងក្នុងឆ្នាំ២០១៥។

លោកស្រីធ្លាប់បំពេញការងារជាចៅក្រមបំពេញកិច្ច (ad litem) នៃតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវី (ICTY) ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ ហើយត្រូវបានបោះឆ្នោតជ្រើសរើសជាចៅក្រមនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ ហើយមួយរយៈខ្លីក្រោយមក គាត់បានបំពេញការងារជាចៅក្រមនៅតុលាការជាន់ខ្ពស់របស់អៀរឡង់រហូតដល់ឆ្នាំ២០១៤។

មុនពេលលោកស្រីទទួលការតែងតាំងឲ្យកាន់មុខតំណែងក្នុងវិស័យតុលាការ លោកស្រីចៅក្រម Clark ប្រកបវិជ្ជាជីវៈមេធាវីពីឆ្នាំ១៩៧៥ និងទទួលបានការតែងតាំងជាមេធាវីជាន់ខ្ពស់នៅឆ្នាំ១៩៩១។

លោកស្រីក៏ធ្លាប់បានបំពេញការងារជាសមាជិកគណៈកម្មការសិទ្ធិមនុស្សអៀរឡង់, ជាប្រធាន និងសមាជិកតែម្នាក់នៃការស៊ើបអង្កេតទៅលើមន្ទីរពេទ្យ Lourdes, អ្នកវាយតម្លៃឯករាជ្យនៃគម្រោងទូទាត់ប្រាក់អតីតភាពសម្រាប់បុគ្គលិកផ្នែកវះកាត់ (Surgical Symphysiotomy Ex-gratia Payment Scheme) និងជាសាស្ត្រាចារ្យទស្សនកិច្ច (Judicial Visitor) នៃសាកលវិទ្យាល័យ Dublin (មហាវិទ្យាល័យ Trinity College)។ លោកស្រីបានទទួលសញ្ញាប័ត្របណ្ឌិតច្បាប់ (honoris causa) និងសញ្ញាប័ត្របរិញ្ញាប័ត្រផ្នែកច្បាប់ រដ្ឋប្បវេណីពីសាកលវិទ្យាល័យ College Dublin ព្រមទាំងសញ្ញាប័ត្រមេធាវីពីគណៈមេធាវី Honourable Society of King’s Inns៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់សាលាក្តីខ្មែរក្រហម៖