(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ស្អែកនេះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ។ នេះបើតាមការបញ្ជាក់របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់មកអង្គភាពព័ត៌មាន Fresh News នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។

លោក រស់ សុវាចា បានបញ្ជាក់ទៀតថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន មានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏នឹងអញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងនេះផងដែរ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប ២០២មណ្ឌល ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល មាន ៤,៧២៥បន្ទប់។ មានបេក្ខជនប្រឡងសរុបចំនួន ១១៧,០២៤នាក់ ស្រី៦០,៤២១នាក់។

សម្រាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ មាន១,៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២,៣៤១នាក់ ស្រី៣៥,១៣៦ នាក់ មាន២,៩១៥ បន្ទប់។

ដោយឡែកសម្រាប់ការត្រួតពិនិត្យមណ្ឌលប្រឡង និងបន្ទប់ប្រឡង រួមទាំងការគ្រប់គ្រងទូទៅ ក្រសួងអប់រំ យុវជន និងកីឡា មានការចូលរួមផ្ទាល់ពីបុគ្គលិកអប់រំសរុប ១៧,៤៣០នាក់ អប្បមាទ ៦០៦នាក់ ជំនួយការអប្បមាទ (គរុនិសិ្សត) ២,៤០៥នាក់ អនុរក្ស ១០,៦៣១នាក់ ប្រធានមណ្ឌល២០២ គណៈកម្មការត្រួតពិនិត្យតាមអគារ១,១៨១នាក់ និងគណៈកម្មការកណ្តាល២,៤០៥នាក់៕