(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីបានចូលរួមធ្វើបាឋកថានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក មហាធា មហាម៉ាត់ Y.A.B TUN DR. MAHATHIR MOHAMAD នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី មានកម្មវិធីមួយទៀត ដោយអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំមុស្លិមកម្ពុជាទូទាំងប្រទេស។

ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដោយមានការចូលរួមអមដំណើរដោយ លោក Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ហើយក៏មានវត្តមាន លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងលោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ និងលោក លោកស្រីជាថ្នាក់ដឹកនាំខ្មែរឥស្លាមទូទាំងប្រទេស និងឥស្សរជននយោបាយមួយចំនួនផងដែរ។

ពិធីនេះផងដែរធ្វើឡើងក្នុងឱកាសដែល លោក មហាធា មហាម៉ាត់ Y.A.B. TUN DR. MAHATHIR MOHAMAD អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់កម្ពូជា តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងសន្ទរកថាស្វាគមន៍ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត មហាធា មហាម៉ាត់ ដោយលោកបានថ្លែងថា លោកនៅចាំមិនភ្លេចទេ នៅអ្វីដែលជាការចែករំលែករបស់លោកបណ្ឌិតកាលពីឆ្នាំ១៩៩៤ រយៈពេល២៥ឆ្នាំកន្លងទៅ។ លោកបន្តថា សមិទ្ធផល និងផ្លែផ្ការបស់សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបាននៅថ្ងៃនេះ ក៏មានចំណែករបស់លោកនាយករដ្ឋមន្ត្រី តាមរយៈការផ្ដល់អនុសាសន៍ ជាយុទ្ធសាស្ត្រ ក្នុងការកសាងខ្លួន និងសង្គមជាតិ។

ថ្លែងទៅកាន់ថ្នាក់ដឹកនាំ អ្នកចូលរួម និងអង្គពិធីទាំងមូល នាយករដ្ឋមន្ត្រីដែលមានវ័យ៩៤ឆ្នាំ បានមានប្រសាសន៍ថា លោកសូមអបអរសាទរ និងបងប្អូនសហគមន៍ឥស្លាមនៅកម្ពុជា ដែលស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល នេះគឺជាស្ថានភាពមួយដែលខុសគ្នាឆ្ងាយ បើប្រៀបធៀបនឹងប្រទេសផ្សេងផ្សេងនៅលើពិភពលោក។

លោកបន្តថា មានប្រជាជនមូស្លីមចំនួន ៤លាននាក់ ដែលភៀសខ្លួនចេញពីប្រទេសរបស់ខ្លួន ទៅសុំការជ្រកកោននៅខាងអឺរ៉ុប ហើយក៏មានមួយចំនួនបានចូលមកប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀតផងដែរ។

លោកកោតសរសើរ ចំពោះលោកបណ្ឌិត អូស្មាន ហាស្សាន់ និងប្រជាសហគមន៍ឥស្លាមនៅកម្ពុជា ដែលបានប្រើប្រាស់ជីវិតរស់នៅដ៏ត្រឹមត្រូវ ចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល រក្សាបានសុខសន្តិភាព ស្ថិរភាព ភាតរភាពនៅក្នុងប្រទេសមួយនេះ៕