(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន និង លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នឹងអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមចំនួន២របស់កម្ពុជា-ម៉ាឡេស៊ី នៅវិមានសន្តិភាព បន្ទាប់ពីកិច្ចពិភាក្សាត្រូវបានបញ្ចប់។

កិច្ចព្រមព្រៀងទាំងពីរនេះ រួមមាន៖

១៖ កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់យកពន្ធត្រួតស៊ីគ្នា លើកលែងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ចុះហត្ថលេខាដោយលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

២៖ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។