(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានជួបប្រជុំលើកទី៣ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយបានកំណត់យកថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០១៩ រៀបចំមហាសន្និបាតលើកទី២ របស់ខ្លួន ដែលនឹងមានអ្នកចូលចំនួន៤១០នាក់ ក្នុងនោះ ប្រតិភូពេញសិទ្ធិជាសមាជិកក្រុមប្រឹក្សារាជធានី-ខេត្តចំនួន ២៨០រូប នៃ៥៥៩រូបនៅទូទាំងប្រទេស។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមវត្តមានលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងជាប្រធានស្តីទី សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។ វត្តមានចូលរួមរួមមាន៖ ១.លោកស្រី មុំ ក្រសាល អនុប្រធានអចិន្រ្តៃយ៍សមាគមនិងជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ២.លោក នួន ផា អនុប្រធានសមាគមនិងជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ៣.លោក ឡុង សុវណ្ណ អនុប្រធានសមាគមនិងជាប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ៤.លោក កៅ ចេស្តា អនុប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម។

សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៃកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋនិងជម្រុញលទ្ធប្រជាធិបតេយ្យនៅកម្ពុជា។

ក្រុមប្រឹក្សារាជធានីភ្នំពេញ និង ២៤ ក្រុមប្រឹក្សាខេត្តគឺជាសមាជិកសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។ មាត្រា៨ នៃលក្ខន្តិកៈសមាគមកំណត់ថា សមាគមជាតិរៀបចំមហាសន្និបាតរៀងរាល់ ៥ ឆ្នាំម្តង។ ប្រធានអនុប្រធានសមាគមជាតិមានភារកិច្ចចាត់ចែងរៀបចំមហាសន្និបាត៕