(ហុងកុង)៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នាថ្ងៃអង្គារនេះ បានធ្វើការបកស្រាយជុំវិញការបែកធ្លាយខ្សែអាត់សំឡេងមួយ ដែលក្នុងនោះលោកស្រីបាននិយាយថា លោកស្រីនឹងលាលែងពីតំណែង ប្រសិនបើមានជម្រើស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។

លោកស្រី Lam បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រីមិនបានសូម្បីតែគិត អំពីការទៅពិភាក្សាជុំវិញការលាលែងពីតំណែង ជាមួយរដ្ឋាភិបាលចិនដីគោក ហើយលោកស្រីបានសង្កត់ធ្ងន់ថា ជម្រើសក៏ដូចជាគោលជំហរនៃការមិនព្រមចុះចេញពីតំណែង គឺជាការសម្រេចចិត្តរបស់លោកស្រីផ្ទាល់ ដោយពុំមានពាក់ព័ន្ធជាមួយភាគីណាផ្សេងឡើយ។

លោកស្រីអភិបាលក្រុងហុងកុងបានបន្ថែមដូច្នេះថា «រយៈពេល០៣ខែមកនេះ ខ្ញុំបានប្រាប់ខ្លួនឯងជាដដែលៗថា ខ្ញុំ និងរដ្ឋបាលក្រុងហុងកុង គួរតែបន្តនៅជួយស្រោចស្រង់ទីក្រុងនេះ ដើម្បីឆ្លងកាត់នូវស្ថានការណ៍ ដ៏សែនលំបាកនាពេលបច្ចុប្បន្ន»

គួរជម្រាបថា ចលនាបាតុកម្មនៅទីក្រុងហុងកុងបានបន្តប្រព្រឹត្តទៅ ១៣សប្តាហ៍មកហើយ ដោយគ្មានសញ្ញាថា នឹងអន់ថយវិញនាពេលណាឡើយ ស្របពេលដែលអំពើហិង្សា និងការប៉ះទង្គិចគ្នាបានកើនឡើងកាន់តែខ្លាំង។ កាលពីថ្ងៃសៅរ៍ និងអាទិត្យចុងសប្តាហ៍មុននេះ បាតុកម្មបានផ្ទុះឡើងយ៉ាងខ្លាំងក្លា រហូតដល់មនុស្សជាង ១៥០នាក់ត្រូវបានចាប់ខ្លួន ខណៈជិត ៥០នាក់ទៀតបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយការប៉ះទង្គិចគ្នារវាងកងកម្លាំងប៉ូលិស និងហ្វូងបាតុករ៕