(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំដំណើរទស្សកិច្ចសិក្សាប្រចាំឆ្នាំ២០១៩ ទៅកាន់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប មានរយៈពេលពីរយប់បីថ្ងៃ ដែលមាននិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរួមចំនួន៧២នាក់ ដឹកនាំដោយលោកសាស្រ្តាចារ្យ សួស សោភា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងផ្នែកចុះកម្មសិក្សា និងស្វែងរកការងារ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

លោកសាស្រ្តាចារ្យ សួស សោភា បានឲ្យដឹងថា ការធ្វើទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៩ ទៅកាន់តំបន់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ចាបពីថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ បានអនុវត្តតាមផែនយុទ្ធសាស្រ្ត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលតែងតែរៀបចំដំណើរទស្សនកិច្ចសិក្សាបែបនេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឱ្យនិស្សិតទាំងអស់មានឱកាសក្នុងការចូលរួមក្នុងសកម្មភាពបន្ថែមលើការសិក្សា ហ្វឹកហាត់ការងារ ជួយសហគមន៍ និងសកម្មភាពចូលរួមជួយសង្គមផ្សេងៗ ដូចជាការអភិវឌ្ឍន៍វិស័យទេសចរណ៍ របស់ខេត្តនីមួយៗ។

ជាមួយគ្នានេះផងដែរ សាកលវិទ្យាល័យក៏បាននាំថវិកាមូលនិធិគ្រួសារ អាស៊ី អឺរ៉ុប ជូនដល់មន្ទីរពេទ្យកុមារអង្គរ (ខេត្តសៀមរាប) និងបងៗកងទ័ពឈរជើងនៅតំបន់ប្រាសាទតាមាន់ (ខេត្តឧត្តរមានជ័យ) ដែលទាំងនេះជាវប្បធម៌ចែករំលែករបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលតែងតែអនុវត្តជាប្រចាំ។

លោកបន្ដថា ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតទាំងអស់ បានចុះសិក្សាស្វែងយល់ នៅតាមរមណីយដ្ឋានជាច្រើនដូចជាខេត្តពង់ធំ ថតរូបនៅដំរីជាន់ខ្លា ខេត្តឧត្តរមានជ័យ ទស្សនាច្រកអន្តរជាតិខ្មែរថៃ ទស្សនាប្រាសាទតាមាន់ ទស្សនារមណីយដ្ឋានរលួស ទស្សនារមណីដ្ឋានប្រាសាទខ្នា ដែលមានជណ្តីររហូតដល់១,១៨១ ខេត្តសៀមរាប ទស្សនានៅប្រាសាទបុរាណ (វង់តូច , វង់ធំ) ទស្សនាផ្សាររាត្រី Pub Street Artisans Angkor ទស្សនាប្រាសាទបន្ទាយស្រី ទស្សនាបារាយទឹកថ្លាខាងលិច ទស្សនាប្រាសាទបឹងមាលា ជាដើម។

ពិសេសនៅតាមគោលដៅទស្សនកិច្ចនីមួយៗ ក្រុមនិស្សិតទាំងអស់ ក៏បានខិតខំសិក្សាស្វែងយល់ពីដំណើរការនៃការរៀបចំ និងការគ្រប់គ្រង និងជួបសម្ភាសន៍ ជាមួយអ្នកគ្រប់គ្រងតាមរមណីយដ្ឋាន ជាពិសេស និស្សិតដែលសិក្សាផ្នែកទេសចរណ៍ បានសិក្សាស្វែងយល់ដោយផ្ទាល់ រវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ពាក់ព័ន្ធនឹងការរៀបចំអភិវឌ្ឍន៍រមណីដ្ឋានទេសចរណ៍ របៀបរៀបចំខ្សែទស្សនកិច្ចការគ្រប់គ្រងកម្មវិធី ដំណើរកំសាន្ត របៀបរៀបចំ ការបែងចែកកញ្ចប់សេវាកម្ម។

គួរបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានការបណ្តុះបណ្តាលគ្រប់កំរិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត លើគ្រប់ឯកទេសទាំងអស់ ព័ត៌មានបន្ថែមទំនាក់ទងលេខ ០១៥ ៧២ ០០ ៧២៕