(ថៃ)៖ និស្សិតអាហារូបករណ៍របស់ក្រុមហ៊ុន SCG មកពីប្រទេសអាស៊ានចំនួន ៧ បានចូលរួមនៅក្នុងសន្និសីទស្ដីពី ការអភិវឌ្ឍដោយចីរភាព (Sustainable Development Symposium) នៅឯទីក្រុងបាងកក ប្រទេសថៃ ដែលរៀបចំដោយក្រុមហ៊ុន SCG និងបានចែករំលែកក្ដីកង្វល់របស់ពួកគេ អំពីអនាគត និងនិរន្តរភាពបរិស្ថាន នៅក្នុងប្រទេសរបស់ពួកគេ នាពេលថ្មីៗនេះ។

និស្សិតអាស៊ាន ដែលមានចំនួន ៧៣នាក់ គឺជានិស្សិតអាហារូបករណ៍ «ចែករំលែកក្ដីសុបិន» របស់ SCG មកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វ៊ីលីពីន ថៃ និងវៀតណាម។ ពួកគេគឺជាបណ្ដាញយុវជន អាស៊ានមួយក្រុម ដែលខ្វល់ខ្វាយអំពីបញ្ហាបរិស្ថាន និងចង់ចូលរួមចំណែកកសាងអនាគតមួយ ដែលប្រកបដោយចីរភាព ។

និស្សិតទាំងនេះ បានលើកឡើងអំពីបញ្ហាបរិស្ថាននៅក្នុងអាស៊ាន ជម្រាបដល់អ្នកចូលរួមនៅក្នុងសន្និសីទ ដែលរួមមាន មេដឹកនាំធុរកិច្ច មន្ត្រីរដ្ឋាភិបាល តំណាងអង្គការអន្តររដ្ឋាភិបាល និងតំណាងអង្គការសហប្រជាជាតិ នៅឯសន្និសីទប្រចាំឆ្នាំស្ដីពីការអភិវឌ្ឍដោយចីរភាព ដែលរៀបចំដោយ SCG ដែលជាក្រុមហ៊ុនស៊ីម៉ងត៍ដ៏ឈានមុខគេមួយ នៅក្នុងតំបន់អាស៊ាន ។

និស្សិតមកពីកម្ពុជា បានសម្ដែងនូវកង្វល់អំពីបញ្ហាសំណល់ផ្លាស្ទិកនៅកម្ពុជា និងបានសំណូមពរឲ្យមានការគិតគូរដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ និស្សិតមកពីប្រទេសឡាវ បានលើកឡើងអំពីបញ្ហាជម្រៅទឹក កាន់តែរាក់ទៅៗ នៅក្នុងទន្លេមេគង្គ ដែលពួកគេបានអះអាងថា បញ្ហានេះគឺបណ្ដាលមកពីការកាប់បំផ្លាញព្រៃឈើ។ ចំណែកឯនិស្សិតមកពីវៀតណាម បានសម្ដែងក្ដីបារម្ភចំពោះបញ្ហាអាកាសធាតុក្ដៅខ្លាំងឡើងៗ នៅទីក្រុងហូជីមិញ។

កង្វល់អំពីបញ្ហាបរិស្ថានទាំងនេះ ត្រូវបាននិស្សិតអាស៊ានចែករំលែកដល់អ្នកចូលរួមជិត២,០០០នាក់ នៅក្នុងសន្និសីទស្ដីពី ការអភិវឌ្ឍដោយចីរភាព ដែលឆ្នាំ២០១៩នេះ ក៏ជាខួបទី១០ឆ្នាំ នៃព្រឹត្តិការណ៍នេះផងដែរ។

នៅឯសន្និសីទដដែលនេះ ស្ថាប័ននិងក្រុមហ៊ុនធំៗ ចំនួន៤៤ ក៏បានប្រកាសពីកិច្ចសហប្រតិបត្តិការជាដៃគូ ដើម្បីជំរុញ «សេដ្ឋកិច្ចវិលជុំ» (Circular Economy) នៅក្នុងដំណើរការទាំងមូលនៃការផលិត ការប្រើប្រាស់ និងការច្នៃប្រើប្រាស់ឡើងវិញ ដោយលើកទឹកចិត្តដល់«ការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាពបំផុត ការញែកសំរាម និងការចោលសំរាមឲ្យបានត្រឹមត្រូវ» ដើម្បីដោះស្រាយបញ្ហាកង្វះធនធាន និងសំណល់ដែល ច្រើនហួសហេតុ ។

កិច្ចសហប្រតិបត្តិនេះ មានបំណងបង្កើតនូវឧស្សាហកម្មមួយដែលមានចីរភាព ដែលប្រយុទ្ធប្រឆាំងនឹងការបំពុលសំរាមផ្លាស្ទិកនៅក្នុងសមុទ្រ កែលម្អជីវភាពរបស់សហគមន៍មូលដ្ឋាន និងគ្រប់គ្រងសំណល់ឧស្សាហកម្ម៕