(ភ្នំពេញ)៖ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម របស់គណបក្សសង្រ្គោះជាតិ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ពេលនេះលោក មាជ សុវណ្ណរ៉ា ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស មានជំងឺផ្តាសាយ ប៉ុន្តែអ្នកផ្សេងទៀត មានសុខភាព និងស្មារតីរឹងមាំល្អ។

លោក ម៉ៅ មុនីវណ្ណ បានអះអាងបែបនេះ បន្ទាប់ពីលោករួមទាំងថ្នាក់ដឹកនាំ សមាជិក និងសាច់ញាតិ អ្នកជាប់ឃុំមួយចំនួន ចុះសួរសុខទុក្ខសកម្មជន ១៥នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

បន្ទាប់ពីសួរសុខទុក្ខនេះ លោក ម៉ៅ មុនីវណ្ណ បានឱ្យដឹងតាមទូរស័ព្ទថា សកម្មជនទាំងនោះ មានសុខភាពល្អ មិនមានបញ្ហាអ្វីនោះទេ ហើយគាត់នៅតែជឿជាក់ លើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ។
លោកថា «ពេលយើងទៅជួបសួរសុខទុក្ខ ជាមួយសាច់ញាតិនេះ គឺគាត់មិនមានបញ្ហាអ្វីនោះទេ ក្នុងនោះលោក មាជ សុវណ្ណរ៉ា គាត់គ្រាន់តែផ្តាសាយតិចតួច ហើយក្រុមគ្រួសារគាត់ បានយកថ្នាំសង្កូវជូនគាត់ យកមធ្យោបាយថវិកាខ្លះ ដើម្បីទៅឱ្យគាត់»

លោកបានបន្ថែមថា «គាត់បានផ្តាំផ្ញើថា គាត់នៅតែរឹងមាំ គាត់នៅតែមានជំនឿទៅលើ មេដឹកនាំគណបក្សសង្រ្គោះជាតិ នឹងបន្តវប្បធម៌សន្ទនា ហើយអាចបញ្ចប់បញ្ហាផ្សេងៗ ដែលកើតឡើង នៅក្នុងព្រឹត្តិការណ៍ជាក់ស្តែងនេះ»

សូមជំរាបថា សកម្មជនគណបក្សសង្រ្គោះជាតិ ១៥នាក់ បាននិងកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃ ពាក់ព័ន្ធនឹងអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ និងក្លែងឯកសារសាធារណៈ។ សកម្មជនជាប់ឃុំនេះ មានចំនួន១៥នាក់ ដែលក្នុងនោះមាន ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី លោក មាជ សុវណ្ណារ៉ា នាយកព័ត៌មាន គណបក្សសង្រ្គោះជាតិ រួមទាំងសកម្មជន ១៣រូបផ្សេងទៀត៕