(រតនគិរី)៖ មន្ដ្រីនគរបាលម្នាក់ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតក្នុងហាងកាហ្វេមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី ដោយដកស្រង់សម្ដីរបស់អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញរថយន្តហ្វ័ររ៉ែនន័រ ១គ្រឿងជិះគ្នា៣-៤នាក់ បើកមកឈប់មុខហាងកាហ្វេខាងលើ ហើយឃើញចុះដើរតំរង់ជនរងគ្រោះ បាញ់ចំក្បាលតែម្តង រួចរត់ឡើងរថយន្តបើកគេចបាត់។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញក្រុងបានលុង និងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត កំពុងស្វែងរកជនដៃដល់ក្នុងករណីឃាតកម្មដ៏សាហាវនេះ៕