(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីសំណេះសំណាលជាមួយ បេក្ខជនដែលបានប្រឡងជាប់និទ្ទេស A ឆ្នាំសិក្សា២០១៨-២០១៩ សរុបចំនួន២៥នាក់ ក្នុងខណ្ឌដូនពេញ។ ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ។

បេក្ខជនដែលប្រឡងជាប់និទ្ទេស A ទាំង២៥នាក់ ក្នុងនោះមានស្រីចំនួន០៩នាក់ មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ ចំនួន១៨នាក់, វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ ចំនួន០៣នាក់, វិទ្យាល័យវត្តកោះម្នាក់ និងវិទ្យាល័យអន្ដរជាតិអាយស៊ីអេស ចំនួន០៣នាក់។

ក្នុងឱកាសនោះ ម្នាក់ៗទទួលបានថវិកាឧបត្ថម្ភលើកទឹកចិត្តចំនួន ១,០០០,០០០រៀល សរុប២៥,០០០,០០០រៀល ក្នុងនោះថវិកាលោក សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌដូនពេញ ចំនួន២,០០០,០០០រៀល, លោក សារិន វណ្ណា អនុប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ និងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ចំនួន១១,០០០,០០០រៀល និងលោក សុខ ពេញវុធ ចំនួន១២,០០០,០០០រៀលផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកអភិបាល ក៏បាននាំនូវការផ្តាំផ្ញើចូលរួមអបអរសាទរ ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងបានលើកទឹកចិត្តឲ្យប្អូនៗ បន្តការសិក្សាថ្នាក់ឧត្តមសិក្សា តាមចំណង់ចំណូលចិត្ត និងក្តីស្រម៉ៃរបស់ប្អូនៗ ដើម្បីប្រែក្លាយសមត្ថភាពជាធនធានមនុស្ស ជាទំពាំងស្នងឫស្សី នៃអនាគតអ្នកបន្តវេន ចូលរួមអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕