(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានសង្ឃឹមយ៉ាងមុតមាំ តាមរយៈលោកអនុព័ន្ធយោធាថៃថ្មី នៅកម្ពុជា ថានឹងខិតខំបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការទំនាក់ទំនងឱ្យកាន់តែល្អថែមទៀត ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ លើគ្រប់វិស័យទាំងការផ្ដល់ព័ត៌មាន ឱ្យគ្នាទៅវិញទៅមក អំពីបញ្ហាកើតមាននៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ទាំងព្រំដែនគោក ព្រំដែនទឹក ដើម្បីរួមគ្នាដោះស្រាយ និងទប់ស្កាត់បានទាន់ពេលវេលា។

ការសំដែងនូវក្តីសង្ឃឹមបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ញាតឱ្យលោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ (Sarayuth Bunchheu) អនុព័ន្ធយោធាកងទ័ពជើងគោក និងលោកវីរនាវីឯក ចាត់ទុរុង ឌីភីងទុន (Chak Turoung DiphingToun) អនុព័ន្ធយោធាកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃដែលត្រូវបានបញ្ចប់អាណត្តិការទូតយោធា នៅកម្ពុជា និងបង្ហាញមុខ លោកអនុព័ន្ធយោធាថ្មីតំណាងឱ្យកងទ័ពជើងគោកនិងកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃ ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញ។

នាយឧត្តមសេនីយ៍ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា កន្លងមកកងទ័ពប្រទេសយើងទាំងពីរ តែងតែរួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការ ជាមួយគ្នា បានយ៉ាងល្អប្រសើរ ចាប់តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់ថ្នាក់ក្រោម។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអរគុណផងដែរ ចំពោះនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ ដែលបានបង្កគ្រប់លក្ខណៈងាយស្រួល ឱ្យប្រតិភូរបស់នាយឧត្តមសេនីយ៍ បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់មេបញ្ជាការកងទ័ពអាស៊ាននាពេលកន្លងមក។

ក្នុងជំនួបនាឱកាសនោះ លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ បានសម្ដែងនូវអំណរគុណចំពោះនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់ឱកាសឱ្យរូបលោក ដែលជាអនុព័ន្ធយោធាចាស់ ថ្មី បានចូលជួបសំដែងការគួរសម ជម្រាបលា និងបង្ហាញមុខព្រមទាំងបានបង្កគ្រប់លក្ខណៈសម្បត្តិងាយស្រួលគ្រប់បែបយ៉ាង ដល់រូបលោកក្នុងការបំពេញបេសកកម្មកាទូតចូលធានៅកម្ពុជា រហូតទទួលបានជោគជ័យក្រោយពេលបញ្ចប់អាណត្តិនេះ។

លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ ក៏បានជម្រាបនាយឧត្តមសេនីយ៍នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ផងដែរថា ថ្វីត្បិតតែរូបលោកទាំងពីរ បញ្ចប់អាណត្តិការទូតយោធានៅកម្ពុជា ក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំ កងទ័ពភូមិន្ទថៃ បានចាប់បញ្ជូនលោកវរសេនីយ៍ឯក ជេសានុ សារ៉ាធី (Chhe Sanuo Sarathy) អនុព័ន្ធយោធាតំណាងឱ្យកងទ័ពជើងគោក និងលោកវរនាវីឯក ស៊ុប៉ាកាន វិថាវ៉ាន់ (Su Pakan Vithavan) អនុព័ន្ធយោធាតំណាងឱ្យកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃថ្មី ដើម្បីបន្តការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសភូមិផងល្អ ជាមួយនិងកងយោធពលខេមរភូមិន្ទ៕