(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី របស់អាមេរិកនៅកម្ពុជា គឺKW-កម្ពុជា បានបង្ហើបពីគម្រោងដ៏ធំមួយ ដែលក្រុមហ៊ុន KW-កម្ពុជា និងក្រុមហ៊ុន CIP របស់ជប៉ុន គ្រោងនឹងចំណាយទុនខ្ទង់លានដុល្លារ ក្នុងការសាងសង់គម្រោងអចលទ្រព្យដ៏ធំមួយ នៅកម្ពុជា។

គម្រោងដ៏ធំនេះ ត្រូវបានលោកបណ្ឌិត គីម ហ៊ាង បានបង្ហាញលម្អិតថា ការសហការវិនិយោគ ជាមួយជប៉ុននេះធ្វើឡើងបន្ទាប់ពីមើលឃើញថា ជប៉ុនជាប្រទេសមួយ ដែលពូកែសាងសង់ និងជាប្រទេសដែលមានទុនច្រើន ដោយក្នុងនោះក្រុមហ៊ុនទាំង២ នឹងសហការគ្នាវិនិយោគ លើគម្រោងសាងសង់ដោយអាចនឹងសាងសង់ជាបុរី, ខុនដូ និងផ្សារទំនើបជាដើម។

ការឲ្យដឹងបែបនេះរបស់លោកបណ្ឌិត គីម ហ៊ាង ធ្វើឡើងក្នុង ការចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន CIP ជប៉ុន។ ក្នុងនោះការចុះ MoU ពីរគោលដៅរួមមាន៖ ការចុះ MoU ជាមួយក្រុមហ៊ុន CIP របស់ជប៉ុន និងការចុះ MoU ក្នុងការលក់គម្រោងខុនដូ Urban Village ឲ្យអតិថិជនថៃ និងវៀតណាម។

លោកបណ្ឌិតបញ្ជាក់ថា សម្រាប់ KW-កម្ពុជាមានដីច្រើននៅក្នុងដៃ ដោយដីនេះមិនលក់ទេ គឺទុកសាងសង់ពេលសហការគ្នាជាមួយជប៉ុន គឺយើងត្រូវការជប៉ុន ដាក់ទុនវិនិយោគ ហើយសម្រាប់ដីទាំងនោះវិញអាចសាងសង់ជាខុនដូ, បុរី ឬផ្សារទំនើបជាដើម។

លោកបណ្ឌិតបន្ដថា ដូច្នេះការចុះ MoU ជាមួយជប៉ុននៅថ្ងៃនេះ គឺចង់ទាក់ទាញអ្នកដែលមានលុយ និងអ្នកសាងសង់ជប៉ុន មកសាងសង់នៅលើដីកម្ពុជា និងលក់ទូទាំងពិភពលោក។ ទាក់ទិននឹងការវិនិយោគនេះ លោកបានលើកឧទាហរណ៍ ដើម្បីមកបញ្ជាក់បន្ថែមថា ប្រសិនបើយើងមានដី៣ហិចតា អាចសាងសង់ជាបុរី ឬជាផ្សារទំនើបបាន ដោយដីទាំងនេះអត់លក់ទេ ដោយទុកសហការជាមួយជប៉ុន ដាក់ទុនសាងសង់ និងលក់ជូនអតិថិជនដូចជា៖ ខ្មែរ, ជប៉ុន, ចិន និងម៉ាឡេស៊ីជាដើម ទាំងនេះ គឺផ្ដល់ភាពងាយស្រួលដោយដល់ភាគីទាំង២ គឺ កម្ពុជាមិនបាច់ចំណាយលុយសាងសង់ ចំណែកជប៉ុន គឺមិនបាច់ចំណាយលុយទិញដី ទុកសម្រាប់សាងសង់នោះឡើយ។

លោកបណ្ឌិតបញ្ជាក់ថា គម្រោងជាមួយនឹងជប៉ុននេះ គ្រោងនឹងសាងសង់នៅចុងឆ្នាំ២០២០ ប៉ុន្ដែបច្ចុប្បន្ននេះជប៉ុនបាន និងកំពុងសិក្សានៅឡើយ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការមកវិនិយោគក្នុងនោះទុនដែលនឹងត្រូវចំណាយ គឺខ្ទង់លានដុល្លារ៕