(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានលើកឡើងថា វិស័យពិការភាពកម្ពុជា មានការរីកចម្រើនខ្លាំង ស្របតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ និងពិភពលោក។ លោកបានបន្តថា កម្ពុជាមានសម្តេចតេជោនាយកដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាពបានធ្វើអោយមានការអភិវឌ្ឍន៍ក្នុងវិស័យនេះ មានល្បឿនលឿននារយៈពេលជាង ២០ឆ្នាំ កន្លងមកនេះ ពិសេសការផ្តល់ឧបករណ៍សិប្បនិម្មិត និងរណបដោយមិនគិតថ្លៃ ការផ្តល់ការឧបត្ថមជាថ្លៃអាហារ និងការធ្វើដំណើមកទទួលសេវានៅមណ្ឌលស្តាររបស់រដ្ឋទាំង១១កន្លែង និងបានផ្តល់នូវឱកាសការងារសម្រាប់បងប្អូនមានពិការភាព ដោយក្នុងស្ថាប័នរដ្ឋជ្រើសរើស២ភាគរយ និងវិស័យឯកជនជ្រើសរើស១ភាគរយ។

ការលើកឡើងរបស់លោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងជំនួបជាមួយ លោកស្រី សាស្រ្តាចារ្យ ចាន់ធែល អូសធ្លឺ ជំនាញការឧបករណ៍សិប្បនិម្មិតនិងរណប និងជាអ្នកឯកទេសគ្លីនិកព្យាបាលដោយចលនា នៃសាកលវិទ្យាល័យសាលថមសុន ប្រទេសអង់គ្លេស នាទីស្តីការក្រសួងសង្គមកិច្ច នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។

លោក ញឹក វណ្ណារ៉ា បានកោតសរសើរចំពោះ ការយកចិត្តទុកដាក់របស់សាកលវិទ្យាល័យ ដែលបានអនុវត្តគំរោងបច្ចេកវិទ្យា ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាកម្មសិប្បនិម្មិត និងរណបប្រកបដោយចីរភាពនៅប្រទេសកម្ពុជា និងស្មើអោយលោកស្រីពង្រីកនូវគំរោងរបស់ខ្លួនក្នុងការសិក្សាស្រាវជ្រាវ និងជួយកម្ពុជា លើការផលិតឧបករណ៍សិប្បនិម្មិត និងរណប ដែលមានបច្ចេកវិទ្យាទំនើបទាន់សម័យថ្មីៗបន្ថែមទៀត ដើម្បីអោយជនមានពិការភាពមានភាពថ្លៃថ្មូរ ហើយអាចចូលរួមក្នុងសង្គម និងសិទ្ធិពេលលេញដូចពលរដ្ឋដ៏ទៃទៀតដែលគ្មានពិការភាពដែរ និងស្នើសុំអោយមានទស្សនៈកិច្ចផ្លាស់ប្តូរបទពិសោធន៍រវាងមន្រ្តីទាំងកម្រិតបច្ចេកទេស និងគោលនយោបាយទៅវិញទៅមក។

ជាមួយគ្នានោះ លោកស្រីសាស្រ្តាចារ្យ ចាន់ធែល អូសធ្លឺ បានសម្តែងនូវការកោតសរសើ និងថ្លែងអំណរគុណ ដែលប្រទេសកម្ពុជាបានគាំទ្រអោយមានកិច្ចសហប្រតិបត្តិការរវាងនៃសាកលវិទ្យាល័យ សាលថមសុន ប្រទេសអង់គ្លេស និងវិទ្យាស្ថានជាតិសង្គមកិច្ច នៃប្រទេសកម្ពុជា ពិសេសសាលាឧបករណ៍សិប្បនិម្មិត និងរណបកម្ពុជា នាពេលកន្លងមកនេះ។

លោកស្រីសាស្រ្តាចារ្យ និងលោក ញឹក វណ្ណារ៉ា បានឯកភាពគ្នាក្នុងការរឹតចំណងមិត្តភាពលើការងារបច្ចេកវិទ្យាឧបករណ៍សិប្បនិម្មិត និងរណប និងវិស័យពិការភាពបន្ថែមទៀត ដែលជាផ្នែកមួយនៃការជម្រុញ ការគោរពសិទ្ធិ និងការអភិវឌ្ឍន៍តាមបែបបរិយាបន្ន ដែលឈរលើគោលការណ៍នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

បន្ថែមពីលើនេះ លោកស្រី ប្រកាសថានឹងយកបញ្ហាទាំងអស់នេះ ទៅភិភាក្សា ហើយនឹងធ្វើការទំនាក់ទំនងនៅពេលក្រោយទៀត៕