(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ធកាល័យ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួល ការងារសម្របសម្រួល មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថទូទាំងប្រទេស បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន៣០លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោកព្រិន្ទបាលឯក ស៊ឹម បញ្ញា សមាជិក វរអន្តរាគមន៍ពិសេស ដែលទើបតែទទួលមរណៈភាពថ្មីៗនេះ ដោយជួបគ្រោះថ្នាក់ចរាចរណ៍។

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានធ្វើការពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ទៅដល់ក្រុមគ្រួសារសព និងបានសម្តែងនូវការសោកស្តាយ យ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ សមាជិកដ៏ល្អមួយរូបនេះ ចេញពីជួរអង្គភាព កងរាជអាវុធហត្ថ។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងដែរថា ជានិច្ចជាកាលលោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែយកចិត្តទុក្ខដាក់ ទៅដល់បុគ្គលិក របស់កងរាជអាវុធហត្ថទូទាំងប្រទេសទាំងអស់ តាំងពីការហូបចុក ស្លៀកពាក់ ស្នាក់នៅ រៀនសូត្រ និងការថែទាំសុខភាព ជាពិសេសនូវពេលដែលបងប្អូនកំពុងជួបនូវទុក្ខលំបាក ដូចជាពេលនេះជាដើម។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបន្តទៀតថា បើទោះជាមានការបាត់បង់បុគ្គលិក របស់កងរាជអាវុធហត្ថក៏ពិតមែន ក៏ប៉ុន្តែ លោកនាយឧត្តមសេនីយ៍ គឺមិនដែលបានបោះបង់ចោល នូវសមាជិកក្រុមគ្រួសារ របស់បុគ្គលិក កងរាជអាវុធហត្ថទាំងនោះឡើយ។ ដោយលោកតែងតែយកចិត្តទុកដាក់ ទាំងការសម្របសម្រួលក្នុងការធ្វើបុណ្យសពជូនទៅដល់ក្រុមគ្រួសារសព ព្រមទាំងបានបង្កើត មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថនេះឡើង ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា ផ្ទាល់ ក្នុងគោលបំណងដើម្បីទ្រទ្រង់ផ្នែកសេដ្ឋកិច្ច មួយចំនួន ជួយទៅដល់ក្រុមគ្រួសារទាំងនោះ ឲ្យមានលំនឹងក្នុងការបន្តដំណើរផ្លូវជីវិតតទៅមុខទៀត បន្ទាប់ពីមានការបាត់បង់សមាជិក ជាទីស្រលាញ់ទៅ ដោយគ្មានថ្ងៃនឹងវិលត្រលប់មកវិញឡើយ។

តំណាងក្រុមគ្រួសារសព លោកព្រិន្ទបាលឯក ស៊ឹម បញ្ញា ក៏បានធ្វើការថ្លែងអំណរគុណ ជូនទៅដល់ក្រុមការងារ ជាពិសេសគឺលោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានអង្គភាពដ៏គំរូ ដែលតែងតែយកចិត្តទុកដាក់ និងជួយទៅដល់ក្រុមគ្រួសារបុគ្គលិក កងរាជអាវុធហត្ថទាំងអស់ នូវពេលដែលកំពុងជួបទុក្ខលំបាក ដូចជារូបលោកផ្ទាល់ផងដែរ៕