(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» កំពុងចេញដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីបន្តបេសកកម្មគាស់កកាយកំណប់ទេសចរណ៍លើកទី៥របស់ខ្លួន។

ជាមួយគ្នានេះ អង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com ក៏បាននិងកំពុងផ្សព្វផ្សាយជាបណ្ដើរៗហើយ អំពីបេសកកម្មលើកទី៥នេះ ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៩ ខែតុលា ឆ្នាំ២០១៩។

គោលដៅសំខាន់ៗដែលក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» នឹងចុះទៅគាស់កកាយកំណប់ទេសចរណ៍នោះ មានដូចជា រាជធានីមហិន្ទ្របព៌តលើភ្នំគូលែន ផ្លូវបុរាណចេញពីទីក្រុងអង្គរឆ្ពោះទៅតំបន់សំខាន់ៗនៃចក្រភពអង្គរ ទីតាំងយកថ្មនៅភ្នំគូលែនមកកសាងប្រាសាទនានានៅសម័យអង្គរ ប្រាសាទមេបុណ្យខាងលិច ដែលសាងសង់នៅកណ្តាលបារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច និងឈ្វេងយល់ពីអាថ៌កំបាំងទឹកក្នុងកសិន្ធុជុំវិញប្រាសាទអង្គរវត្ត ដែលជួយទ្រទ្រង់និងទប់លំនឹងប្រាសាទ ព្រមទាំងការគ្រប់គ្រងទឹកកសិន្ធុអង្គរវត្ត នៅរដូវប្រាំងនិងរដូវស្សាជាដើម។

នេះជាបេសកកម្មថ្មីដែលបាននិងកំពុងធ្វើឡើង បន្ទាប់ពីជោគជ័យនៅក្នុងបេសកកម្មទាំង៤លើក ក្នុងនោះក្រុមការងារបានទៅដល់តំបន់អេកូទេសចរណ៍អូរសោម ស្ថិតនៅខេត្តពោធិ៍សាត់ ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១,៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ និងតំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា និងទេសចរណ៍ប្រពៃណី-វប្បធម៌ជនជាតិដើមភាគតិច ស្ថិតនៅខេត្តរតនគិរី និងសហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតនៅខេត្តកោះកុង។

សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយអង្គភាពព័ត៌មាន Fresh News រួមជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com ក្រោមការគាំទ្រដោយក្រសួងទេសចរណ៍ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ នៅទូទាំងប្រទេសកម្ពុជា ស្វែងរកនិងគាស់កកាយតំបន់ទេសចរណ៍ ដែលគេពុំសូវស្គាល់ឬដែលគេមើលរំលងពង្រីកសក្តានុពលតំបន់ទេសចរណ៍ ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាន់តែល្បីល្បាញមួយកម្រិតទៀត៕