(ព្រះវិហារ)៖ សត្វប្រឺសមួយក្បាល បានងាប់តាមផ្លូវ ខណៈពេលដែលសមត្ថកិច្ចជួយសង្រ្គោះដឹកតាមរទេះ យកទៅព្រលែងក្នុងព្រៃវិញ។ ហេតុការណ៍ងាប់សត្វប្រឺស ដែលជាប្រភេទសត្វកម្រនេះ បានកើតឡើងនៅព្រឹកព្រលឹម ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

លោកវរៈសេនីយ៍ទោ រិទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃនេះ វេលាម៉ោង៥ទៀបភ្លឺ មានសត្វប្រឺសឈ្មោលមួយក្បាល បានរត់ចូលភូមិ ឃុំខាងលើ ទាំងមានរបួស។ ឃើញដូច្នេះប្រជាពលរដ្ឋក្នុងភូមិ បានរាយការណ៍ប្រាប់សមត្ថកិច្ច និងមន្ត្រីអភិរក្សសត្វព្រៃ ឲ្យទៅពិនិត្យ និងទៅទទួលដើម្បីយកទៅព្យាបាល និងព្រលែងក្នុងព្រៃវិញ។

លោកអធិការស្រុក បានបន្តទៀតថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរួចមក សមត្ថកិច្ចនិងមន្ត្រីជំនាញអភិរក្សសត្វព្រៃ បានទៅដឹកសត្វប្រឺសនោះ ដើម្បីយកទៅព្យាបាល តែដោយសារតែការរង់ចាំពេទ្យ មកពីសៀមរាបយូរពេក សមត្ថកិច្ចក៏បានដឹកសត្វប្រឺសនោះ តាមរទេះ ដើម្បីយកទៅព្រលែង នៅក្នុងព្រៃព្រះរការវិញ តែជាអកុសលសត្វប្រឺសនោះ ក៏បានងាប់តាមផ្លូវតែម្តង។

លោក រិទ្ធ សូណា បានបន្ដថា ក្រោយពីសត្វប្រឺសនោះ បានងាប់តាមផ្លូវ សមត្ថកិច្ចបានដឹកយកមកទុកនៅអធិការស្រុកវិញ។

លោកថា ដោយសារអ្នកភូមិមានអបិយជំនឿ ក៏បានទៅនិមន្តព្រះសង្ឃ ដើម្បីធ្វើការសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនសត្វប្រឺសនេះ និងបានយកទៅកប់ ដែលបង្កឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សត្វប្រឺសដ៍កម្រមួយនេះ៕