(ត្បូងឃ្មុំ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តនាំយកពូជស្រូវប្រមាណ ២៣តោន ចែកជូនប្រជាកសិករ ២៨៥គ្រួសារនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីធ្វើការដាំដុះបន្តក្រោយស្រូវរបស់ពួកគាត់រងការខូចខាតដោយទឹកជំនន់នាពេលកន្លងទៅ។

ការចែកពូជស្រូវនេះធ្វើឡើងនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឡាំ ហេង ហួត អនុប្រធាន គ.ជ.គ.ម. លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ។

របាយការណ៍របស់អភិបាលស្រុក បានឱ្យដឹងថា គ្រោះទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ដល់ឃុំចំនួន៦ និងប៉ះពាល់ដំណាំស្រូវប្រមាណ ២០០ហិកតា។ លោកទេសរដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីពេលថ្មីៗកន្លងទៅនេះ បានក្រើនរំលឹកដល់គណៈកម្មាធិករជាតិគ្រប់គ្រងគ្រោះមហន្តរាយយកគ្រាប់ពូជស្រូវចែកជូនបន្ទាន់ដល់ប្រជាកសិករ ដើម្បីដាំដុះបន្ត។

លោកទេសរដ្ឋមន្ត្រី បាននាំសារសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងចូលស្ដោកស្ដាយ ដល់ជនរងគ្រោះដោយសារទឹកជំនន់ ដែលបង្កខូចខាតដល់ផលដំណាំ និងទ្រពសម្បត្តិកន្លងមក។

ក្នុងទឹកមុខសប្បាយរីករាយបងប្អូនប្រជាពលរដ្ឋដែលបានទទួលស្រូវពូជអំណោយរបស់សម្តេចតេជោ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចទាំងពីរ ដែលតែងគិតគូរដល់ពួកគាត់៕