(ត្បូងឃ្មុំ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងភរិយា លោកស្រី គឹង ចាន់ឌី នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ បន្តនាំពូជស្រូវជិត ៤២តោន ចែកជូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរងគ្រោះខូចខាតផលដំណាំដោយសារទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ។

យោងតាមរបាយការណ៍របស់អាជ្ញាស្រុកអូររាំងឪ បានឱ្យដឹងថា ទឹកជំនន់នារដូវវស្សាឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ដាំណាំស្រូវរបស់ប្រជាពលរដ្ឋ ៥៣០គ្រួសារ នៅក្នុងឃុំមៀន ស្មើនឹងផ្ទៃដីជាង ២៧៩ហិកតា។

ក្នុងពិធីចែកពូជស្រូវដែលមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធជាច្រើនចូលរួមដែរនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងបង្ហាញប្រជាពលរដ្ឋរងគ្រោះពីការយកចិត្តទុកដាក់ និងការសោកស្តាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយសម្តេចទាំងពីរ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយផលលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោក គន់ គីម បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតលោកមានការសោកស្តាយជាខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋរបស់យើងដែលរងគ្រោះដោយសារទឹកជំនន់នេះ។ សម្តេចទាំងទ្វេមិនដែលភ្លេចពីសុខទុក្ខរបស់បងប្អូនឡើយ ហើយលោកបានក្រើនរំលឹកដាស់តឿនពួកខ្ញុំជានិច្ចឱ្យដោះស្រាយទុកលំបាករបស់បងប្អូនឱ្យបានទាន់ពេលវេលាតាំងពីក្នុងពេលកំពុងជន់លិច រហូតដល់ក្រោយពេលជន់លិច»។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលខូចខាតដំណាំស្រូវនេះ ប្រឹងប្រែងដាំដុះឡើងវិញ ដើម្បីបានផលស្រូវខ្លះទុកគ្រាន់ហូបចុក និងដោះស្រាយក្នុងជីវភាព។ លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំទៅប្រជាពលរដ្ឋឱ្យលើកឡើងនូវផលលំបាកផ្សេងទៀតពាក់ព័ន្ធការបង្កបង្កើនផលឡើងវិញនេះ ដើម្បីរូបលោក និងអាជ្ញាធរពាក់ព័ន្ធរួមគ្នាជួយដោះស្រាយឱ្យបានទាន់ពេលវេលា។

អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលគេមើលឃើញថា បានធ្វើសកម្មភាពយ៉ាងសកម្មឆ្លើយតបការរងគ្រោះរបស់ប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗរូបនេះ ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ឆ្លើយតបនឹងផលលំបាក និងសេចក្តីត្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គ្រោះទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រមាណ ៥៥,៩៤៧ហិកតា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីពេលថ្មីៗកន្លងទៅនេះ បានក្រើនរំលឹកដល់គណៈកម្មាធិករជាតិគ្រប់គ្រងគ្រោះមហន្តរាយយកគ្រាប់ពូជស្រូវចែកជូនប្រជាកសិករ ដើម្បីដាំដុះបន្តឱ្យបានទាន់ពេលកំពុងមានភ្លៀងនៅចុងរដូវវស្សា។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានយកពូជស្រូវចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់នៅក្នុងខេត្តត្បូងឃ្មុំ ហើយនឹងបន្តដំណើរទៅកាន់ខេត្តផ្សេងៗទៀត។

ប្រជាពលរដ្ឋដែលរងគ្រោះហើយខូចខាត់ដំណាំស្រូវក្រោយពេលទទួលបានពូជស្រូវហើយ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរា។ ពួកគេក៏បានតាំងចិត្តប្រឹងប្រែងដាំដុះឡើងវិញឱ្យបានទាន់ពេលមានភ្លៀងធ្លាក់នៅចុងរដូវវស្សានេះ ដើម្បីបានផលខ្លះមកវិញទុកគ្រាន់ទ្រទ្រង់ជីវភាព។

ប្រជាពលរដ្ឋរងគ្រោះ បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរា ដែលបានធ្វើសកម្មភាពឆ្លើយតបបានទាន់ពេលវេលាចំពោះការរងគ្រោះរបស់ពួកគាត់៕