(កំពត)៖ បណ្តាញរបស់ក្រុមឧទ្ទាម២រូបទៀត នៅខេត្តកំពត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានប្រកាសមិនចូលរួមក្នុងផែនការរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំឡើងដោយទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ឡើយ។

សមាជិក២រូបនេះ រួមមាន លោក ប៉ុក សឿន អតីតប្រធានគណបក្សសង្រ្គោះជាតិឃុំត្រពាំងបី និងជាអតីតមេឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត និងម្នាក់ទៀត គឺ លោក ង៉ែត ខុច អតីតប្រធានគណបក្ស CNRP ស្រុកដងទង់ និងជាអតីតសមាជិកក្រុមប្រឹក្សាស្រុកដងទង់ ខេត្តកំពត។

ជាមួយនឹងការប្រកាសមិនចូលរួមរដ្ឋប្រហារជាមួយទណ្ឌិត សម រង្ស៉ី លោក ប៉ុក សឿន និងលោក ង៉ែត ខុច បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពួកគេបានអះអាងថា ក្រោយពេលតុលាការកំពូលចេញសាលក្រម រំលាយគណបក្សសង្រ្គោះជាតិ លោកទាំងពីរមិនបានមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ទេ ដោយទើបតែសម្រេចចិត្តចូលរួមនៅពេលនេះតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា មួយរយៈពេលមកនេះ បន្ទាប់ពីតុលាការបានចោទប្រកាន់ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក អំពីការធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល មានសមាជិកក្រុមនេះមួយចំនួននៅកម្ពុជា ត្រូវបានចាប់ខ្លួន និងចោទប្រកាន់អំពីបទរួមគំនិតក្បត់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏មានសមាជិកពួកគេមួយចំនួន បានចូលសារភាពចំពោះមុខសមត្ថកិច្ច ខ្លះប្រកាសមិនចូលរួមជាមួយទណ្ឌិត សម រង្ស៉ី និងខ្លះទៀតសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាជាដើម៕