(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ មុនបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចតេជោ បានបន្តប្រកាសអំពីការដកការភ្ជាប់ថ្លៃសេវាសំរាមចេញពីវិក្កយបត្រអគ្គិសនីកម្ពុជា តាមសំណើរអគ្គិសនីកម្ពុជា ដោយចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការធ្វើដូចនេះមិនត្រឹមតែឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាជាការចាំបាច់ដើម្បីកុំឲ្យបញ្ហាសំរាមនេះក្លាយទៅជាកត្តា ដែលប្រជាជនមើលមិនឃើញពីការវិវត្តន៍ជាវិជ្ជមាននៃការកែទម្រង់របស់អគ្គិសនីកម្ពុជា ដែលបានខិតខំកែលម្អសេវាបម្រើអតិថិជនរបស់ខ្លួន រួមទាំងការបញ្ចុះថ្លៃអគ្គិសនីជាបន្តបន្ទាប់រួចហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវះកាត់ជម្ងឺរ៉ាំរ៉ៃមួយនេះបានណែនាំឲ្យព្យាបាលតាំងពីយូរមកហើយពីឆ្នាំ២០១៥ ប៉ុន្តែមិនត្រូវបានធ្វើ។ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ តាមរយៈ Facebook សម្តេចតេជោបានបញ្ចាក់ថា សម្រេចដកថ្លៃសេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ។
ក្រោយពីមានការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន អំពីការដកថ្លៃសំរាមចេញពីវិក្កយបត្រអគ្គិសនី។ អគ្គិសនីកម្ពុជា សូមបង្ហាញនូវវិក្កយបត្រគំរូថ្មី ដែលគ្មានភ្ជាប់ថ្លៃសំរាម៕