(ភ្នំពេញ)៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ១​ម៉ឺន​ដុល្លារ​អាមេរិក ដល់លោក ហួត មុន្នីពិសាខ អាយុ ៣៥ឆ្នាំ មន្ត្រីនគរបាលខេត្តសៀមរាប រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប​​ ដែលរងគ្រោះរលាកភ្លើងធ្ងន់ធ្ងរដោយការផ្ទុះហ្គាស កាលពីរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ហេីយត្រូវត្រលប់ទៅបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យសបប្រាសិទ្ធ ខេត្តអ៊ូប៊ុន ប្រទេសថៃ។

​ថវិកា​នេះ​ ត្រូវបាន​ ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យ​លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប យកទៅប្រគល់ជូនដោយផ្ទាល់នៅមន្ទីរពេទ្យ​ ក្នុងពេលចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាព​របួស​ នៅ​ថ្ងៃទី​២៦ ខែតុលា​ ឆ្នាំ២០១៩​នេះ។

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីបារម្ភបំផុតចំពោះសុខភាពរបស់លោក ហ៊ួត មុន្នីពិសាខ​។

ក្នុងពេលសាកសួរពីស្ថានភាពរបួស​​ លោកប្រធានគណៈកម្មាធិការសាខា​ បានសម្តែងនូវក្តីត្រេកអរ ព្រោះតាមការបញ្ជាក់របស់វេជ្ជបណ្ឌិត និងអ្នករងគ្រោះផ្ទាល់ថាគាត់បានធូរស្រាលច្រើនហើយ មិនយូរប៉ុន្មានទៀតទេគាត់អាចវិលត្រលប់ទៅផ្ទះ ភូមិស្រុកកំណើតវិញហើយ។ លោកប្រធានគណៈកម្មាធិការសាខា ក៏បានជូនពរ និងលើកទឹកចិត្តដល់អ្នករងគ្រោះត្រូវជឿជាក់​លើគ្រូពេទ្យ និងត្រូវខិតខំថែរក្សា បំប៉នសុខភាព ដើម្បីឆាប់បានជាសះស្បើយឡេីងវិញ។

លោក ហ៊ួត មុន្នីពិសាខ​ និងក្រុមគ្រួសារ​ បានសម្តែងនូវការដឹងគុណ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណធម៌ដ៏ធំធេងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយសម្រាលទុក្ខលំបាកដល់គ្រួសាររបស់​លោកក្នុងគ្រាលំបាកនេះ។

សូមបញ្ជាក់ថា​ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប​ បានចុះសួរសុខទុក្ខ​ និងផ្តល់អំណោយដល់លោក ហ៊ួត មុន្នីពិសាខ​ បានចំនួន​ ២លេីក រួចមកហេីយក្នុងរយៈពេលកន្លងមកនេះ៕