(ស្វាយរៀង)៖ ត្រឹមរយៈពេល ៣ថ្ងៃតែប៉ុណ្ណោះ ពោលចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ អតីតក្រុមប្រឹក្សាឃុំមកពីអតីតគណបក្សគណបក្សសង្គ្រោះជាតិ និងសមាជិក គាំទ្រចំនួន ១៤នាក់ នៅខេត្តស្វាយរៀង បានចូលសារភាព និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថា ពួកគេនឹងមិនដើរតាមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី នោះឡើយ។

អ្នកគាំទ្រ និងអតីតក្រុមប្រឹក្សាឃុំរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលបានចូលសារភាព និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖ នៅស្រុករមាសហែក, ក្រុងស្វាយរៀង, ស្រុកស្វាយជ្រំ, ស្រុកចន្ទ្រា, ស្រុកកំពង់រោទ៌, ស្រុកស្វាយទាប និងក្រុងបាវិត។

*ស្រុកចន្រ្ទា គឺលោក មុំ សួនសុម៉ាលី អាយុ៣៨ឆ្នាំ នៅភូមិចេក ឃុំសំរោង អតីតបេក្ខជនក្រុមប្រឹក្សាឃុំសំរោង។

*ស្រុកស្វាយជ្រំ គឺលោក អ៊ុង ជី អាយុ៦៩ឆ្នាំ អតីតអនុប្រធានប្រតិបត្តិស្រុកស្វាយជ្រំ អតីត CNRP រស់នៅភូមិត្រោក ឃុំតាសួស។

*ស្រុកកំពង់រោទិ៍ រួមមាន៖ លោក ហ៊ុន យាប់ អតីតក្រុមប្រឹក្សាជំទប់ទី២ ឃុំត្នោត, អ្នកស្រី ខៀវ ហ៊ុល អាយុ៧២ឆ្នាំ, លោក ហ៊ុន ហ៊ួ អាយុ៥២ឆ្នាំ, លោក ហ៊ុន ហាង អាយុ៤៩ឆ្នាំ និងអ្នកស្រី ហ៊ុន ណេ អាយុ៣១ឆ្នាំ។ អ្នកទាំង ៥នាក់រស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍។

*ស្រុករមាសហែក គឺលោក ប៉ឹង សារ៉ុម អាយុ៥៥ឆ្នាំ រស់នៅភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច និង លោក យ៉េន សីហា អាយុ៣៤ឆ្នាំ រស់នៅភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច។

*ក្រុងបាវិត គឺលោក សៅ វៃ អាយុ៥៥ឆ្នាំ មានទីលំនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស។

*ក្រុងស្វាយរៀង គឺលោក សេក សាវឿន អាយុ៣៥ឆ្នាំ រស់នៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ, លោក ពៀក វណ្ណា អាយុ៤២ឆ្នាំ រស់នៅភូមិចេក សង្កាត់ចេក និងលោក អ៊ុង ធឿន អាយុ៥២ឆ្នាំ រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង។

*ស្រុកស្វាយទាប គឺលោក ងួន បូរ៉ា អាយុ៤៦ឆ្នាំ អតីតបេក្ខជនត្រៀមក្រុមប្រឹក្សាស្រុក រស់នៅភូមិអង្គតាមោគ ឃុំប្រសូតិ។

អ្នកគាំទ្រ និងអតីតក្រុមប្រឹក្សាឃុំពីអតីគណបក្សសង្គ្រោះជាតិទាំង ១៤នាក់ បានប្រកាសថា ពួកគេមិនចូលរួមជាមួយផែនការផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់កើតចេញពីការបោះឆ្នោតនោះឡើយ និងបានយល់ឃើញពីការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញ ដោយបង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។

សាររបស់ឧក្រិដ្ឋជន សម រង្ស៊ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។

ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច បានព្រមានថា អ្នកចូលរួម និងគាំទ្រ ដល់ផែនការរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងកា
រដាក់ពន្ធនាគារពី១៥ រហូតដល់៣០ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុស នឹងត្រូវអនុញ្ញាតឱ្យរួចទោសឡើងវិញ៕