(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយ ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី បើកពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុង ស្វាយរៀង។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា នៅឆ្នាំនេះមិនខុសពីបណ្ដាឆ្នាំកន្លងទៅនោះឡើយ ពោលក្នុងឆ្នាំ២០១៩នេះ ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង មានការចូលរួមពីប្រតិភូ និងកីឡាករ-កីឡាការិនី មកពីគ្រប់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស ដោយមានទូកមកចូលរួមប្រណាំងសរុបចំនួន ៥៤គ្រឿង មានកីឡាករសរុបចំនួន ១.២៨៣នាក់ (នារី ០៩នាក់) ក្នុងនោះ កីឡាករពេញសិទ្ធិ ៩៩៦នាក់ និងកីឡាករបម្រុង ២៨៧នាក់ ព្រមទាំងមានប្រតិភូដឹកនាំទូក ២១២នាក់ផងដែរ។

ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ២២នាក់ មាន៤៤គ្រឿង រួមមាន៖ ទូកនៅក្នុងខេត្តស្វាយរៀង ១៤គ្រឿង, ទូករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានី-ខេត្ត ២៦គ្រឿង, ទូកខេត្តព្រៃវែង ១គ្រឿង, ទូកខេត្តកណ្ដាល ១គ្រឿង, ទូករបស់កងពលតូចថ្មើរជើងលេខ៥១ ខេត្តបន្ទាយមានជ័យ១គ្រឿង និងទូករបស់រដ្ឋបាលខេត្តព្រះវិហារ ១គ្រឿង។

ប្រភេទទូកក្ដារបីសន្លឹក ចំណុះ ៣នាក់មានចំនួន ១០គ្រឿង ក្នុងនោះប្រភេទទូកបុរស ៨គ្រឿង និងប្រភេទទូកនារី ២គ្រឿង រួមមាន៖ ទូកក្នុងខេត្ត ៤គ្រឿង, ទូករបស់កងរាជអាវុធហត្ថខេត្តកណ្ដាល ១គ្រឿង, ទូករបស់សមាគមទូកខេត្តកណ្ដាល ២គ្រឿង, ទូកខេត្តបន្ទាយមានជ័យ ១គ្រឿង និងទូករបស់វត្តស្លាកែត ខេត្តកណ្ដាល២គ្រឿង៕