(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ១៧៧គ្រួសារ រស់នៅភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ បានសម្ដែងសេចក្ដីសប្បាយ ត្រេកអរយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណដ៏ធំធេងបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បន្ទាប់ពីពួកគាត់ទទួលបានការចាប់ឆ្នោតយកដីឡូត៌ដោយតម្លាភាព ពីគណៈកម្មការសម្រាប់បែងចែកដីឡូត៌ ក្នុងតំបន់អភិវឌ្ឍន៌ឫស្សីកែវ តាមគោលនយោបាយប្រទានកម្មដី របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ។

សូមជម្រាបថា នៅសាលាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ, គោលនយោបាយប្រទានកម្មដីរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានគណៈកម្មការសម្រាប់បែងចែកដីឡូត៌ ក្នុងតំបន់អភិវឌ្ឍន៌ឫស្សីកែវ នៃរដ្ឋបាលរាជធានីភ្នំពេញ យកមកអនុវត្តក្នុងការផ្ដល់សិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីចាប់ឆ្នោតយកដីឡូត៌រៀងៗខ្លួន ចំនួន១៣៥ខ្នងផ្ទះ ក្នុងចំណោម ១៧៧ខ្នងផ្ទះ។

ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋទាំងអស់ ពិតជារំភើប និងសូមអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសាលារាជធានីភ្នំពេញ, សាលាខណ្ឌឬស្សីកែវ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ដែលបានផ្តល់ដីជូនពួកគាត់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម។

ប្រជាពលរដ្ឋដែលទទួលបានការចាប់ឆ្នោតយកដីឡូត៌ ទាំង១៧៧ខ្នងផ្ទះ កំពុងស្នាក់នៅលើដីចំណីផ្លូវសាធារណៈលេខ១៨០០ គម្រោងផ្លូវសាធារណៈមួយចំនួន (ប្លង់គោលតំបន់អភិវឌ្ឍន៍ឫស្សីកែវ) និងស្នាក់នៅលើដីឡូត៌របស់ប្រជាពលរដ្ឋ ដែលទិញពីសាលារាជធានីភ្នំពេញ (អតីតសាលាក្រុងភ្នំពេញ) ឬដីមានប័ណ្ណកម្មសិទ្ធិរួចហើយ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ក្រោយពីគណៈកម្មការសម្រាប់បែងចែកដីឡូត៌ ក្នុងតំបន់អភិវឌ្ឍន៌ឫស្សីកែវ របស់រដ្ឋបាលរាជធានីភ្នំពេញ ក៍ដូចជាគណៈកម្មការរដ្ឋបាលខណ្ឌឫស្សីកែវ បានជូនដំណឹងជាសាធារណៈរួចមកហើយនាពេលថ្មីៗនេះ។

អញ្ជើញជាអធិបតីភាពក្នុងពិធីនេះមានលោក មាន ចាន់យ៉ាដា និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលរាជធានី, លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ, លោក លីន ញ៉ក់, លោក ប្រាជ្ញ សីហា, លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ, លោកនាយក លោកនាយករងរដ្ឋបាលខណ្ឌ និងលោក ប៊ុន ឡុង ប្រធានការិយាល័យភូមិបាលខណ្ឌ, លោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធតាមការិយាល័យជុំនាញ ជាច្រើនរូបទៀត។

ថ្លែងនាឱកាសនេះលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ការរៀបចំឲ្យប្រជាពលរដ្ឋចូលរួមចាប់ឆ្នោតយកដីឡូត៌រៀងៗខ្លួនដោយតម្លាភាព នាពេលនេះ អាចដំណើរការទៅបាន ក្រោយពីការអនុវត្តវិធានការរួមតាមផែនការគ្រោងទុករបស់សាលារាជធានីភ្នំពេញ ក៏ដូចជាថ្នាក់ជាតិ ក្នុងការឈូសឆាយចាក់ដីបើកផ្លូវសាធារណៈទាំងអស់ «ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ» ដើម្បីដកហូតយកដីសាធារណៈរបស់រដ្ឋមកគ្រប់គ្រង ហើយធ្វើការបែងចែកជូនប្រជាពលរដ្ឋ តាមគោលនយោបាយប្រទានកម្មដីធ្លីរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ គណៈកម្មការសម្រាប់បែងចែកដីឡូត៌ ក្នុងតំបន់អភិវឌ្ឍន៌ខណ្ឌឫស្សីកែវ របស់រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងរួចមកហើយ អំពីការបែងចែកដីប្រទានកម្មរបស់រដ្ឋ ជូនប្រជាពលរដ្ឋ ចំនួន១៧៧ខ្នងផ្ទះ តាមរយៈការចាប់ឆ្នោត ដែលប្រព្រឹត្តទៅនៅសាលប្រជុំចាស់ជាន់ទី២ សាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

យ៉ាងណាក៏ដោយ ចំពោះការជូនដំណឹងរបស់គណៈកម្មការសម្រាប់បែងចែកដីឡូត៌ ក្នុងតំបន់អភិវឌ្ឍន៌ឫស្សីកែវ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំចាប់ឆ្នោតយកដីឡូត៌នេះ ត្រូវបានលើកទៅពេលក្រោយវិញ ដោយសារប្រជាពលរដ្ឋមួយចំនួន មិនបានភ្ជាប់ឯកសារសំខាន់ៗមកជាមួយ និងមួយចំនួនតូចទៀតមិនទាន់ឯកភាពទទួលយកការចាប់ឆ្នោតយកដីឡូត៌ ក្នុងចំណោមប្រជាពលរដ្ឋ ចំនួន១៧៧ខ្នងផ្ទះ ដែលកំពុងស្នាក់នៅលើដីចំណីផ្លូវសាធារណៈលេខ១៨០០ គម្រោងផ្លូវសាធារណៈមួយចំនួន (ប្លង់គោលតំបន់អភិវឌ្ឍន៍ឫស្សីកែវ) និងស្នាក់នៅលើដីឡូត៌របស់ប្រជាពលរដ្ឋ ដែលទិញពីសាលារាជធានីភ្នំពេញ (អតីតសាលាក្រុងភ្នំពេញ) ឬដីមានប័ណ្ណកម្មសិទ្ធិរួចហើយ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ក្នុងសេចក្ដីជូនដំណឹងរបស់គណៈកម្មការសម្រាប់បែងចែកដីឡូត៌ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ របស់រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបថា គណៈកម្មការនិងធ្វើការបែងចែកដីប្រទានកម្មរបស់រដ្ឋ ជូនប្រជាពលរដ្ឋទាំង១៧៧ខ្នងផ្ទះ តាមរយៈការចាប់ឆ្នោត និងសូមឲ្យប្រជាពលរដ្ឋទាំង១៧៧ខ្នងផ្ទះ ត្រូវចូលរួមចាប់ឆ្នោតដោយផ្ទាល់ទៅតាមកាលបរិច្ឆេទ និងទីកន្លែងខាងលើ ដោយភ្ជាប់មកជាមួយនូវសលាកបត្រ ឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធផ្សេងៗ៕