(ក្រចេះ)៖ នគរបាលស្រុកសំបូរ ឃាត់ខ្លួនជនសង្ស័យល្មោភកាមម្នាក់ ពាក់ព័ន្ធករណីចាប់រំលោភនារីរងគ្រោះសតិមិនគ្រប់ ហើយគរទៀត កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិទោង ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលស្រុកសំបូរ បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ង៉ាន់ ធឿន អាយុ ៦៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានចាប់នារីរងគ្រោះ ឈ្មោះ ខ.ស.ល អាយុ១៨ឆ្នាំ មានសតិមិនគ្រប់ ចូលផ្ទះរបស់ខ្លួន ហើយធ្វើសកម្មភាពសម្រាតខោ បម្រុងរំលោភ។

ខណៈពេលនោះប្អូនជនរងគ្រោះមកទាន់ ហើយជនសង្ស័យក៏បានបញ្ឈប់សកម្មភាព។ លុះដល់ម៉ោង២២ ថ្ងៃដដែលជនសង្ស័យ ក៏បានទៅផ្ទះជនរងគ្រោះ ហើយនិយាយគំរាមសម្លាប់ជនរងគ្រោះ។

ក្រោយមកទៀត ម្ដាយជនរងគ្រោះ ក៏បានរាយការណ៍ប្ដឹងទៅនគរបាលប៉ុស្តិ រលួសមានជ័យ។ ហើយល្ងាចថ្ងៃទី២៦ ខែតុលា នគរបាលបានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យយកមកសាកសួរតែម្ដង។

តាមរបាយការណ៍ បានឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនបានចាប់រំលោភជនរងគ្រោះបានសម្រេចចំនួន១លើក និងមិនបានសម្រេចចំនួន២លើក។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបានបាលស្រុកសំបូរ ដើម្បីបន្តនីតិវិធី៕