(ភ្នំពេញ)៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានប្រារព្ធកម្មវិធី នៃការផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ (Breast Cancer Awareness Month) តាមរយៈការរៀបចំកម្មវិធី Pink Talk ក្រោមប្រធានបទ «ការរកឃើញរោគសញ្ញាទាន់ពេលវេលាអាចជួយសង្គ្រោះជីវិតបាន» ដែលជាយុទ្ធនាការសុខភាពអន្តរជាតិប្រចាំឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់។

កម្មវិធីនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីពិភាក្សាបែបអប់រំផ្សេងៗ ដែលមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ខិតខំបង្កើតឡើង ដើម្បីផ្ដល់ព័ត៌មានមូលដ្ឋានពីសុខភាព ប៉ុន្តែមានសារសំខាន់ជូនដល់ប្រជាជនកម្ពុជា។

កម្មវិធីដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងសុខមាលភាពនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជំងឺ តាមរយៈការស្វែងយល់អំពីមូលហេតុនៃជំងឺ វិធីសាស្រ្តបង្ការ និងការរកឃើញរោគសញ្ញាទាន់ពេលវេលា និងវិធីសាស្រ្តព្យាបាល។ កម្មវិធីពិភាក្សា Pink Talk នេះ ក៏នឹងបង្ហាញអំពីការគាំទ្ររបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ចំពោះស្ត្រីដែលមានជំងឺមហារីកសុដន់ទាំងអស់ផងដែរ។

ដោយសារតែស្ត្រីគ្រប់រូប មិនថាវ័យណាក៏ដោយ ក៏អាចនឹងកើតជំងឺមហារីកសុដន់បានដែរនោះ ទើបមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ស្នើសុំឱ្យស្ត្រីដែលមានអាយុចាប់ពី 40 ឆ្នាំឡើងអញ្ជើញទៅធ្វើការប្រឹក្សាយោបល់ និងត្រូវធ្វើការពិនិត្យរកជំងឺមហារីកសុដន់នេះឱ្យបានយ៉ាងតិចម្ដងក្នុងមួយឆ្នាំ។ ការពិនិត្យរកជំងឺមហារីកសុដន់ពិតជាមានសារៈសំខាន់ ខ្លាំងណាស់សម្រាប់ស្ត្រីដែលមានវ័យចាប់ពី 50 ឆ្នាំឡើងទៅ។

មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) មានឧបករណ៍ពិនិត្យសុដន់ (mammograms) ដែលពិនិត្យជូននៅក្នុងតម្លៃសមរម្យ ដើម្បីជួយស្ត្រីកម្ពុជាឱ្យទទួលបានការពិនិត្យជំងឺបានទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជាដើម។ ជំងឺមហារីកសុដន់ គឺជាជំងឺដ៏កាចសាហាវលំដាប់ថ្នាក់ទីបីចំពោះស្ត្រីនៅក្នុងប្រទេសកម្ពុជា ដែលបានសម្លាប់ស្ត្រីដែលមានជំងឺនេះប្រមាណជា 7% ក្នុងមួយឆ្នាំ។ ទោះបីយ៉ាងណា អត្រានៃការរស់រានមានជីវិតកើនឡើងខ្ពស់ផងដែរ នៅពេលយើងរកឃើញរោគសញ្ញាទាន់ពេលវេលា តាមរយៈការពិនិត្យសុដន់។

លោកស្រីវេជ្ជបណ្ឌិត Thay Sovannara បានថ្លែងថា «នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខភាព និងសុខមាលភាពរបស់អ្នកជំងឺ និងមនុស្សគ្រប់គ្នា។ កម្មវិធីផ្សេង ដូចជាកិច្ចពិភាក្សា Pink Talk នេះ ជួយយើងទាំងអស់គ្នាឱ្យយល់ដឹងអំពីជំងឺមហារីកសុដន់ វិធីការពារ ក៏ដូចជា កាត់បន្ថយហានិភ័យផ្សេងៗនៃជំងឺនេះផងដែរ»។ លោកស្រីបានបន្តទៀតថា «ខែនៃការយល់ដឹងអំពីជំងឺមហារីកសុដន់ គឺជា ពេលវេលាដ៏ល្អ ក្នុងការរំឭកឱ្យស្ត្រីនៅក្នុងគ្រួសាររបស់យើងធ្វើការត្រួតពិនិត្យស្វែងរករោគសញ្ញានៃជំងឺនេះ។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានរៀបចំកម្មវិធីនេះឡើង និងកម្មវិធីផ្សេងៗទៀតនៅក្នុងសហគមន៍ ក៏ដូចជាធានាឱ្យមានជម្រើសថែរក្សាអាយុជីវិតសម្រាប់មនុស្សជាទីស្រឡាញ់ ព្រមទាំងគ្រួសារ និងមិត្តភិក្តរបស់អ្នកផងដែរ»

ដោយសង្កត់ធ្ងន់ទៅលើឱសថ និងការព្យាបាលការពារ និងបង្កើតកោសិកាថ្មី សេវាកម្ម SGMC ត្រូវបាន កសាងដើម្បីទទួលបានសុខមាលភាពទៅលើ គ្រប់ផ្នែក រៀបចំឡើងដើម្បីផ្ដល់នូវសុខភាពល្អ សម្រាប់គ្រប់សរីរាង្គទាំងអស់ ដោយមិនគ្រាន់តែព្យាបាលទៅលើរោគសញ្ញាដែលមានលក្ខណៈធ្ងន់ធ្ងរឡើយ។ SGMC មានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការកសាងគោលដៅ នៃការរស់នៅប្រកបដោយសុខុមាលភាពដំបូងគេ និងល្អជាងគេនៅក្នុងប្រទេសកម្ពុជា ៕