(កំពង់ឆ្នាំង)៖ ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបិទវគ្គបំប៉នថ្នាក់បញ្ជាការសេនាធិការកាំភ្លើងធំ ជំនាន់ទី១ និងថ្នាក់មេបញ្ជាការកងអនុសេនាតូច និងធំ កាំភ្លើងធំ កងទ័ពជើងគោក ខេត្តកំពង់ឆ្នាំង នាថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានលើកឡើងថា ភារកិច្ចស្នូលរបស់កងទ័ព គឺការពារជាតិ និងប្រជាជនការពារសន្ដិសុខ និងការរីកចម្រើនដែលប្រជាជនចង់បានទាំងផ្លូវកាយ និងផ្លូវចិត្ត គឺសន្តិភាពដែលយើងមានរាល់ថ្ងៃ។ ដូច្នេះ សូមគាំទ្រចំពោះការប្ដេជ្ញាចិត្តតបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្នុងការចូលរួមទប់ស្កាត់ មិនឱ្យបាត់បង់សុខសន្តិភាពដែលយើងមាន។

លោកថា កងកម្លាំងប្រដាប់អាវុធ គឺជាកងកម្លាំងថែរក្សាសុខសន្តិភាព។ ជាក់ស្ដែង សុខសន្តិភាពដែលយើងរកបាននៅឆ្នាំ១៩៩៨ ដោយនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បើគ្មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធខ្មែរក្រហម បើគាត់មិនទម្លាក់អាវុធឈប់ច្បាំងនោះទេយើងប្រហែលនៅច្បាំងដល់សព្វថ្ងៃនេះ។ ប៉ុន្តែយើងបានសុខដោយសារកងកម្លាំងប្រដាប់អាវុធ ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ។

ឧត្តមសេនីយ៍រូបនេះ បានបញ្ជាក់ថា «កុំឲ្យមនុស្សមួយក្តាប់តូច បំផ្លាញសេចក្តីសុខប្រជាជនជាង១៦លាននាក់។ ត្រូវឱ្យប្រជាជនសប្បាយរីករាយនៅក្នុងថ្ងៃបុណ្យទាន។ ដូច្នេះយើងគ្មានជម្រើសទេ រាជរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ចំពោះអ្នកណា ដែលគៀងគរមនុស្សដើម្បីធ្វើឲ្យបាត់បង់ស្ថិរភាព បំផ្លាញសន្តិសុខសង្គម និងដើម្បីប្លន់អំណាចផ្តួលរំលំរដ្ឋាភិបាលដើម្បីមហិច្ឆិតានយោបាយផ្ទាល់ខ្លួន។ ដូច្នេះយើងត្រូវថែរក្សាសុខសន្តិភាព ស្ថេរភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ នេះគឺជាកិច្ចការធំតែយើងត្រូវធ្វើ និងជាគោលដៅធំ របស់កងកម្លាំងប្រដាប់អាវុធ»។

ជាមួយគ្នានេះ លោកមេបញ្ជាការ សូមឱ្យបងប្អូនយល់ថា រឿងសតិអារម្មណ៍បន្តិចបន្តួចមិនស្មើនឹងការបាត់បង់ផលប្រយោជន៍ធំរបស់ជាតិនោះទេ។ ធម្មតាបញ្ហាជីវភាពរស់នៅ បញ្ហាការងារនៅកន្លែងការងារ តែងតែមាន ប៉ុន្តែកុំឱ្យបាត់បង់នូវម្ចាស់ការ ត្រូវយល់ដឹងថាថាគោលការណ៍របស់រាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ចំពោះកងកម្លាំងប្រដាប់អាវុធ ការកសាងកងទ័ពក៏ដូចជាយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទាំងអស់។ ផលប្រយោជន៍របស់យើងគឺការពារសន្តិសុខសុខសន្តិភាព ដើម្បីទាំងអស់គ្នាបានសុខ និងផលប្រយោជន៍ដោយផ្ទាល់តាមរយៈការតម្លើងប្រាក់បៀវត្ស និងគោលនយោបាយផ្សេងៗសម្រាប់កងទ័ពគ្រួសារកងទ័ព និងអតីតយុទ្ធជន។

ប្រជាពលរដ្ឋចង់បានសេចក្តីសុខ ចង់បានសុខសប្បាយ លុយមួយលានដុល្លារក៏មិនស្មើនឹងការបាត់បង់តម្លៃនៃសេចក្តីសុខដែរ។ យកលុយមកមានន័យអ្វី បើប្រទេសយើងច្បាំងគ្នា ភូមិឃុំយើងច្បាំងគ្នា កូនចៅស្លាប់ដោយសារគ្រាប់ផ្លោង យកមកមានន័យអ្វីទៅ។ កាលពីជំនាន់ប៉ុលពត នៅពេលប្រទេសមានសង្គ្រាមយើងចាយលុយមិនបានទេ។ ដូច្នេះតើមានអ្វីដែលបាត់ស្មើនឹងតម្លៃនៃបាត់បង់ក្តីសុខ សម្រាប់កូនចៅប្រជាពលរដ្ឋ? ដូច្នេះភារកិច្ចកងទ័ពត្រូវការពារជាតិ ការពារទឹកដីកុំឲ្យខ្មែរវ៉ៃខ្មែរគ្នាឯង។ ប្រមាណជាង៥០០ ឆ្នាំហើយដែលខ្មែរវ៉ៃខ្មែរ យើងត្រូវថែរក្សាការពារទឹកដីរបស់យើង ឲ្យបានគង់វង្ស។ យើងត្រូវប្រឆាំងដាច់ខាតចំពោះអ្នកនយោបាយខ្មែរណា ដែលធ្វើឲ្យប្រពលខ្មែរឲ្យវ៉ៃខ្មែរដើម្បីធ្វើបាបខ្មែរ និងបំផ្លាញសុខសន្តិភាព។ នេះជាការអះអាងបន្ថែមពីលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៕