(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា កម្ពុជាបានកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកពី០.៣៨% នៅឆ្នាំ២០០៧ មកនៅត្រឹម០.៣៧% នៅឆ្នាំ២០១៩នេះ ដែលបានជួយលើកកម្ពស់សុខភាពភ្នែក ដល់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងថែមទៀត។

ការថយចុះនៃអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកនេះ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីសារៈសំខាន់ នៃសុខភាពភ្នែក និងមានសេវាព្យាបាលជំងឺភ្នែកគ្រប់គ្រាន់ តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការមកពិនិត្យ និងព្យាបាលវះកាត់ នៅពេលមានបញ្ហាភ្នែក។

ការថ្លែងបែបនេះ របស់រដ្ឋមន្ត្រីក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយលទ្ធផល អង្កេតរហ័ស ស្តីពីភាពពិការភ្នែក ដែលអាចជៀសវាងបាននៅកម្ពុជា និងការពិនិត្យឡើងវិញ នៃផែនការយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រង និងបង្ការភាពពិការភ្នែក ២០១៦-២០២០ នៅថ្ងៃទី៣០ ខែតុលានេះ នៅសណ្ឋាគារភ្នំពេញ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង សង្ឃឹមថា តាមរយៈទិន្នន័យនៃលទ្ធផលស្រាវជ្រាវនេះ នឹងយកទៅប្រើប្រាស់ជាជំនួយយ៉ាងសំខាន់ ដល់អ្នកផ្តល់សេវាសុខភាពភ្នែក និងអ្នកធ្វើផែនការសកម្មភាព សម្រាប់ដោះស្រាយបញ្ហាភាពពិការភ្នែក និងខ្សោយគំហើញនៅកម្ពុជាទាំងថ្នាក់ជាតិ និងក្រោមជាតិ កាន់តែថយចុះជាបន្តបន្ទាប់ទៀត។

លោកសាស្ត្រាចារ្យបានជំរុញ ឲ្យកម្មវិធីជាតិសុខភាពភ្នែក បន្តសហការជាមួយអង្គការដៃគូនានា ដើម្បីបណ្តុះបណ្តាលគ្រូពេទ្យឯទេសភ្នែក និងហេដ្ឋារចនាសម្ព័ន្ធឲ្យបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការមកទទួលសេវាព្យាបាលភ្នែក របស់ប្រជាពលរដ្ឋ។

ចំណែកលោក គង់ នាត នាយកវិទ្យាស្ថានស្តារគំហើញប្រាយអ៊ិនហូលឌិន បានប្តេជ្ញាថា នឹងបន្តជួយគាំទ្រដល់ក្រសួងសុខាភិបាល លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំងឺភ្នែក និងអប់រំផ្សព្វផ្សាយ ស្តីពីសុខភាពភ្នែកដល់សហគមន៍ ដើម្បីចូលរួមកាត់បន្ថយភាពពិការភ្នែក និងគំហើញចុះខ្សោយនៅកម្ពុជាកាន់ តែថយចុះថែមទៀត។

លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានថ្លែងផងដែរថា ផ្នែកតាមលទ្ធផលការអង្កេតរហ័ស ស្តីពីភាពពិការភ្នែកនេះ បានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែក មានចំនួន០.៣៧% នៃប្រជាជនទាំងអស់ថយចុះ០.០១%បើធៀបទៅនឹងឆ្នាំ២០០៧ ដែលមានចំនួន០.៣៧% និងអត្រានៃភាពពិការភ្នែក នៃមនុស្សចាស់អាយុចាប់ពី៥០ឆ្នាំឡើង ទៅបានធ្លាក់ចុះពី២.៨% ក្នុងឆ្នាំ២២០០៧ មកត្រឹម២.៥%ក្នុងឆ្នាំ២០១៩នេះ។

លោកសាស្ត្រាចារ្យបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានអ្នកពិការភ្នែកចំនួន៦០,៨៦៥នាក់ អ្នកមានគំហើញចុះខ្សោយខ្លាំងចំនួន ៦១,៩៣០នាក់ និងគំហើញខ្សោយមធ្យមចំនួន ៣១,៨៤០១នាក់ ដែលតម្រូវឲ្យធ្វើការព្យាបាល និងកែលំអរគំហើញតាមរយៈការផ្តល់វ៉ែនតា ដើម្បីឲ្យពួកគេមានគំហើញឡើងវិញ និងការអប់រំសុខភាពភ្នែក ដើម្បីឲ្យពួកគេកាន់តែយល់ដឹងពីសារៈសំខាន់ នៃសុខភាពភ្នែក និងអាចទៅរកសេវានៅជិតមូលដ្ឋាន ដែលពួកគេស្នាក់នៅក៏ដូចជាជួយកាត់បន្ថយ នៃបន្ទុកនៅក្នុងគ្រួសារនិងភាពក្រីក្រ។

លោកសាស្ត្រាចារ្យបានបន្តទៀតថា នាពេលលបច្បន្ននេះយើងមានគ្រូពេទ្យេឯកទេសភ្នែកចំនួន៧០នាក់ ចក្ខុគិលានុប្បដ្ឋាក យិការចំនួន២៣៧នាក់ ចក្ខុមាត្រការីចំនួន១១៨នាក់ ដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានសាធារណៈចំនួន២១ នៃមន្ទីរពេទ្យខេត្ត និងរាជធានីភ្នំពេញ។

លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា ដើម្បីជួយសម្រួលដល់ការថែទាំភ្នែក ដល់ប្រជាពលរដ្ឋក្រីក្រនៅតាមខេត្តដាច់ស្រយាល កម្មវិធីជាតិសុខភាពភ្នែក បានបង្កើតក្រុមគ្រូពេទ្យចល័ត ចុះទៅធ្វើការពិនិត្យព្យាបាល និងវះកាត់ភ្នែកឡើងបាយចំនួន២ដងក្នុង១ខែ។ ក្រៅពីនេះយើងបានផលិតឯកសារអប់រំ សុខភាពភ្នែកសំខាន់ៗនៅកម្ពុជា ដែលបានផ្សព្វផ្សាយតាមរយៈវិទ្យុទូរទស្សន៍ និងបណ្តាញសង្គមហ្វេប៊ុកផងដែរ។

តែយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ ងី ម៉េង បានបញ្ជាក់ថា តាមរយៈលទ្ធផលស្រាវជ្រាវ យើងបានរកឃើញនូវមូលហេតុសំខាន់ៗ ដែលជាឧបសគ្គរារាំងអ្នកជំងឺមិនមកទទួលសេវាថែរក្សាភ្នែកមានរួមមានការភ័យខ្លាច ក្នុងការវះកាត់ជំងឺភ្នែកឡើងបាយ ដែលមានប្រមាណ៤៥ភាគរយ។

អ្នកជំងឺគិតថាពុំចាំបាច់ព្យាបាលភ្នែក ព្រោះនៅមើលឃើញតិចៗ និងអាចដើរបានប្រមាណ១៧ភាគរយ អ្នកជំងឺបារម្ភពីបញ្ហាថវិកា ថ្លៃព្យាបាលមានប្រមាសណ១៤ភាគរយ និងអ្នកជំងឺមិនទាន់មានការយល់ដឹងពីជំងឺភ្នែក ដែលអាចព្យាបាលបានមានប្រមាណ១១.៨ភាគរយ។

លោកសាស្ត្រាចារ្យបានបញ្ជាក់ទៀតថា ហេតុដូចនេះកម្មវិធីជាតិសុខភាពភ្នែក នឹងរៀបចំយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត នៅក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួន សំដៅឆ្លើយតបទៅនឹងឧបសគ្គរារាំងខាងលើនេះ៕