(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អ្នកតំណាងរាស្រ្ត និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដោយក្រុមការងារពីថ្នាក់ជាតិថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកង នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដល់បងប្អូនជនរួមជាតិទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ និងបងប្អូន ដែលមកពីតាមបណ្តាខេត្តនានាទាំងអស់។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សូមសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈយុទ្ធជន វីរៈយុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបាន ធ្វើពលីកម្មយ៉ាងធំធេងនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យជាតិ សន្តិភាព ភាពស្ថិតស្ថេរ គង់វង្ស និងរីកចម្រើននៃមាតុភូមិ និងប្រជាជាតិកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ប្រកបដោយការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងជនរួមជាតិ ដែលបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុការពារ និងកសាងមាតុភូមិកម្ពុជា ធ្វើឱ្យប្រទេសជាតិ មានសន្តិភាព មានសន្តិសុខ សណ្តាប់ធ្នាប់បានល្អ មានកំណើនសេដ្ឋកិច្ចខ្ពស់ មានការអភិវឌ្ឍន៍លើគ្រប់វិស័យរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ និងជាថ្មីម្តងទៀត នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្រឡាញ់នូវសុខសន្តិភាព របស់បងប្អូនមហាគ្រួសារអ្នកបន្ទាយមានជ័យ ដោយមិនចូលរួមជាមួយពួកឧទ្ទាមក្រៅច្បាប់ធ្វើសកម្មភាពបំផ្លាញជាតិ និងសូមឲ្យស្មារតីស្រឡាញ់សន្តិភាពនេះនៅជាមួយបងប្អូនជារៀងរហូត ដើម្បីរក្សាការរីកចម្រើនទាំងអស់គ្នា។

ជាមួយនឹងទឹកចិត្តសប្បុរស នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានឧបត្ថម្ភដល់គណកម្មការរៀបចំ និងកីឡាទូកងទាំង២៦ សរុបចំនួន ៦៤៤នាក់ រួមមាន៖ ទឹកសុទ្ធ សរុប ៥០០យួរ ទឹកក្រូច ៣០០កេស មីសរុប១៨៤កេស សារុងសរុប១១២៥សារុង ដែលសរុបជាថវិកាមានចំនួន ៧៤លាន ៩៧៦ពាន់រៀលគត់៕