(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ និងសមាជិក សមាជិកាគណៈកម្មាធិការសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ចំនួន ២៣២គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកឈូក។

នៅក្នុងការចែកអំណោយទាំង២ស្រុកខាងលើ លោក ជាវ តាយ បានសំដែងនូវការសោកស្តាយ ចំពោះការខាតបង់ផ្ទះសំបែង និងការរងរបួស ហើយលោកអភិបាលខេត្ត បានលើកឡើងថា ការនាំអំណោយយកមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះគឺបានស្ដែងឲ្យឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចថ្នាក់ដឹកនាំរបស់ខេត្ត ដែលតែងតែបានខិតខំ កៀរគរជំនួយផ្សេងៗ ទាំងស្មារតី សម្ភារ និងថវិកា ពីសប្បុរសជនជាតិ អន្តរជាតិនានាដើម្បីជួយសម្រួលដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ស្របទៅនឹងអានុសាសន៍ផ្ដាំផ្ញើរបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមិនត្រូវទុកចោលប្រជាពលរដ្ឋរងគ្រោះណាម្នាក់ រស់នៅដោយគ្មានអាជ្ញាធរ បានជួយដោះស្រាយនោះឡើយ។

លោកអភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយពេលនេះ មិនបានឆ្លើយតបតម្រូវការ នៃទំហុំខ្វះខាតរបស់បងប្អូន តែក៏អាចជួយដោះស្រាយសំរាលការលំបាករបស់បងប្អូន បានមួយរយៈផងដែរ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ពលរដ្ឋរងគ្រោះសូមកុំអស់សង្ឃឹម ប្រឹងប្រែងធ្វើការប្រកបដំណាំដាំដុះបន្ថែមទៀត និងពិសេសត្រូវថែទាំសុខភាព និងរក្សាអនាម័យ ផឹកស្អាត ហូបស្អាត រស់នៅស្អាត។

លោកអភិបាលខេត្ត បានពាំនាំយកនូវអំណោយ ដោយឧបត្ថម្ភថវិកា សរុប ៣៧,៦០០,០០០រៀល ជូនដល់ប្រជាពលរដ្ឋ ដែលរលំផ្ទះទាំងស្រុងចំនួន៨គ្រួសារ, ធ្លាក់ផ្ទះពីលើជើងតាងចំនួន១៨គ្រួសារ និងរបើកដំបូលផ្ទះចំនួន ២០៦គ្រួសារ។ ព្រមទាំងបានឧបត្ថម្ភថវិកា សរុប ១,៧៥០,០០០រៀល ដល់ប្រជាពលរដ្ឋរងរបួស ដោយសារខ្យល់កន្ត្រាក់ ចំនួន៣នាក់ ដែលកំពុងស្នាក់នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ។

ដោយឡែក លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកា សរុប ១,០៨០,០០០រៀល ដល់យុវជនកាកបាទក្រហមចំនួន១៦នាក់, កងកម្លាំងប្រជាការពារចំនួន ៣២នាក់ និងក្រុមប្រឹក្សាឃុំចំនួន៦នាក់៕