(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដែងការគាំទ្រចំពោះការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-វៀតណាម អំពីការសង្គ្រោះពេលមានគ្រោះមហន្ដរាយ ដែលសមយុទ្ធនេះនឹងត្រូវធ្វើឡើងនៅក្នុងខែធ្នូខាងមុខនេះ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន ក្រោយបញ្ចប់ជំនួបសម្ដែងការគួរសមរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយ លោកឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង អនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងវិមានសន្ដិភាព។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា សមយុទ្ធនេះ ជាការអនុវត្តមួយដែលផ្ដល់នូវផលប្រយោជន៍ ដល់ប្រជាជនទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយ ជាពិសេសពេលមានភ្លើងឆេះព្រៃ និងមានទឹកជំនន់ជាដើម។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបន្តថា ភ្លើងឆេះព្រៃមិនស្គាល់ព្រំដែនទេ ដូច្នេះការអនុវត្តសមយុទ្ធនេះ តម្រូវឲ្យកងទ័ពកម្ពុជា ចូលទៅក្នុងទឹកដីវៀតណាម ហើយកងទ័ពវៀតណាម ចូលនៅក្នុងទឹកដីកម្ពុជា។

ដើម្បីជៀសវាងដល់ការយល់ច្រឡំ និងឲ្យមានការយល់ដឹងទូលំទូលាយផង សម្តេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឲ្យមានសកម្មភាពមនុស្សធម៌ ជាមួយក្នុងសមយុទ្ធនេះ គឺភាគីកម្ពុជា អាចចូលទៅព្យាបាលប្រជាជនវៀតណាម ហើយប្រជាជនវៀតណាម ចូលមកព្យាបាលប្រជាជនកម្ពុជា ដើម្បីត្រៀមនៅពេលមានគ្រោះមហន្តរាយ ហើយក៏អាចជំរុញឲ្យមានកម្មវិធីដូចជា កីឡា សិល្បៈរួមគ្នាផងដែរ។

គួរជម្រាបថា ក្នុងជំនួបនោះលោក ផាន វ៉ាន់ហ្សាង បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី នាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ហើយក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោថា លោកនឹងជួបពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន នៅថ្ងៃស្អែកនេះ។

បន្ថែមពីនេះ លោកក៏បានរាយការណ៍ជូន សម្ដេចតេជោ ហ៊ុន សែន ទៀតដែរថា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ និងក្រសួងការពារជាតិទាំងពីរ គឺបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ជាពិសេសលើការរៀបចំសមយុទ្ធសង្គ្រោះ ពេលមានគ្រោះមហន្តរាយ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការផ្ដាំផ្ញើសួរសុខទុក្ខផង ហើយក៏បានសម្ដែងនូវអំណរគុណ ចំពោះរបាយការណ៍ដែលបានលើកឡើង។

ជាមួយនេះ សម្ដេចក៏បានសម្ដែងនូវការរីករាយផងដែរ ជាមួយនឹងទំនាក់ទំនងរវាងកងទ័ពទាំងពីរកន្លងមក ដែលទំនាក់ទំនងទាំងនោះ បាននាំមកនូវផលប្រយោជន៍ជូនដល់ប្រជាជន ជាពិសេសប្រជាជនដែលកំពុងតែរស់នៅតាមព្រំដែន៕