(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ ក្នុងតម្លៃទឹកប្រាក់ចំនួន៨៩លានដុល្លារ ដែលនឹងបង្កើនលទ្ធភាពរបស់តំបន់ជនបទ ក្នុងការទទួលបានសេវាផ្គត់ផ្គង់ទឹក និងអនាម័យ ព្រមទាំងកែលម្អកិច្ចខិតខំអភិវឌ្ឍ វិស័យហិរញ្ញវត្ថុរបស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ ADB ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាន។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Sunniya Durrani-Jamal នាយិកា ADB បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់កម្មវិធីអភិវឌ្ឍវិស័យសេវាផ្គត់ផ្គត់ទឹក និងអនាម័យជនបទដំណាក់កាលទី៣ និងកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី២) នៅឯពិធីមួយក្នុងរាជធានីភ្នំពេញ។

លោកស្រី Sunniya Durrani-Jamal បានថ្លែងថា «កម្មវិធីទាំងពីរនេះគាំទ្រដល់វិស័យ អាទិភាពទាំង៤ របស់យុទ្ធសាស្រ្តចតុកោណ រួមមានដូចជា ការអភិវឌ្ឍធនធានមនុស្សតាមរយៈការកែលម្អ ការថែទាំសុខភាព សាធារណៈ និងអាហារូបត្ថម្ភ ពិពិធកម្មសេដ្ឋកិច្ច ដោយការលើកកម្ពស់ការអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុ និងធនាគារ ការលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន ការងារ និងមុខរបរ តាមរយៈកិច្ចគាំទ្រ សហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព តាមរយៈការ លើកកម្ពស់ វិស័យកសិកម្ម និងការអភិវឌ្ឍជនបទ»។

ប្រជាពលរដ្ឋប្រមាណ ៤០០.០០០នាក់ នឹងទទួលបានប្រយោជន៍ពីកម្មវិធីអភិវឌ្ឍវិស័យសេវាផ្គត់ផ្គត់ទឹក និង អនាម័យជនបទ ដំណាក់កាលទី៣ ដែលធនាគារអភិវឌ្ឍន៍អាស៊ីបានអនុម័តកាលពីខែកញ្ញា ឆ្នាំ២០១៩ តាមរយៈ ការសាងសង់ និងការស្តារហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក និងអនាម័យ ចំនួន ២.៥០០ កន្លែង ព្រមទាំង ការអនុវត្ត យុទ្ធនាការលើកកម្ពស់ការយល់ដឹង យ៉ាងហោចណាស់ក្នុងភូមិចំនួន៤០០ នៃខេត្តចំនួន១០ ក្នុង ប្រទេស កម្ពុជា។

សេវាផ្គត់ផ្គង់ទឹក និងអនាម័យប្រកបដោយចីរភាព និងគួរឱ្យជឿជាក់បាន នៅតែបន្តមានភាពខ្វះខាត នៅ តំបន់ជនបទនៃប្រទេសកម្ពុជា ដែលមានប្រជាជនចំនួន ៧៧% នៃចំនួនប្រជាជនសរុបក្នុងប្រទេសចំនួន ១៦.៤ លាននាក់រស់នៅ។ ក្នុងឆ្នាំ២០១៧ បើទោះបីជាគ្រួសារជនបទចំនួន៧៣% មានលទ្ធភាពទទួលបានការផ្គត់ផ្គង់ ទឹកស្អាតក៏ដោយ ប៉ុន្តែ មានតែ ១១% ប៉ុណ្ណោះ ក្នុងចំណោមគ្រួសារទាំងនេះ ទទួលបានការផ្គត់ផ្គង់ទឹក តាមរយៈការភ្ជាប់បណ្តាញបំពង់ទុយោ។ ស្របគ្នានេះដែរ ប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទចំនួន ៥៦% មានលទ្ធភាព ទទួលបានអនាម័យប្រសើរជាងមុន ហើយប្រជាពលរដ្ឋជនបទ ប្រមាណ ៤១% នៅតែបន្តអនុវត្តការបន្ទោបង់ ពាសវាលពាសកាល ដែលអាចបង្កឱ្យមានជំងឺរាគរូស និងបញ្ហាសុខភាពសាធារណៈដទៃទៀត។

អនុកម្មវិធីទី២ នៃកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដែលបានទទួលការអនុម័តពីធនាគារអភិវឌ្ឍន៍អាស៊ី កាលពី ខែកញ្ញា ឆ្នាំ២០១៩ គាំទ្រដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមួយ ប្រកបដោយប្រសិទ្ធផល និងមានស្ថេរភាព ដែលជួយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រកបដោយ ចីរភាពកាន់តែធំធេង។ អន្តរាគមន៍សំខាន់ៗ រួមមាន ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន ជាពិសេសចំពោះគ្រួសារក្រីក្រនៅជនបទ និងសហគ្រាសធុនតូច និងមធ្យម។ កម្មវិធីនេះក៏នឹងជួយលើកកម្ពស់ ស្ថេរភាពនៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ព្រមទាំងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដើម្បី គាំទ្រដល់ការ ណែនាំឱ្យស្គាល់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុថ្មីៗផងដែរ៕