(ព្រះវិហារ)៖ រថយន្តចំនួន៥០០គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ដព្រះវិហារ ឃាត់ធ្វើការត្រួតពិនិត្យក្នុងរយៈពេលមួយខែតុលា ឆ្នាំ២០១៩នេះ ដែលធ្វើដំណើរតាមដងផ្លូវក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ដែលក្នុងនោះរកឃើញ ១៦២គ្រឿងមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះថា ដោយអនុវត្តន៍តាមការណែនាំរបស់ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្រុមការងារត្រួតពិនិត្យយានយន្តកែឆ្នៃ ខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យរថយន្តសរុប៥០០គ្រឿង ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

ក្នុងនោះត្រួតពិនិត្យឃើញថា ត្រឹមត្រូវមានចំនួន៣៣៨គ្រឿង ខណៈដែល១៦២គ្រឿងទៀត ខុសលក្ខណៈបច្ចេកទេស ក្នុងនោះរួមមាន ដឹកសំពីងសំពោង ១២គ្រឿង, ខ្វះឯកសារ ១៣២គ្រឿង, ឯកសារក្លែងក្លាយ ៤គ្រឿង, ដោះរានតខាងក្រោយ ៤គ្រឿង, គ្មានបណ្ណបើកបរ ៩នាក់ និងប័ណ្ណបើកបរក្លែងក្លាយម្នាក់។

ជាមួយគ្នានោះដែរ លោក សំ លាងទ្រី ក៏បានធ្វើការអំពាវនាវឲ្យពលរដ្ឋដែលជាម្ចាស់យានយន្តទាំងអស់ ត្រូវមានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវបញ្ជាក់ពី អត្តសញ្ញាណរថយន្ត និងអ្នកបើកបររាល់ពេលបើកបរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ៕