(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យសមាភាពគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ថ្មីទាំងអស់ ត្រូវចូលរួមចំណែកលើកស្ទួយសុខុមាលភាពមនុស្សចាស់។

លោកបានបន្តថា សមាសភាពទាំងអស់ មិនត្រឹមតែជួយលើកស្ទួយសុខុមាលភាពមនុស្សចាស់ ឲ្យមានភាពកាន់តែប្រសើរតែប៉ុណ្ណោះទេ តែក៏ត្រូវរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយជាតិ កាត់បន្ថយភាពក្រីក្រ និងបង្កើតមណ្ឌលបណ្ដុះបណ្ដាលអ្នកថែទាំមនុស្សចាស់ សំដៅដល់ការមើលថែមនុស្សចាស់ ដែលគ្មានទីពឹងឲ្យបានល្អប្រសើរ និងមានភាពកក់ក្ដៅក្នុងជីវិតរស់នៅផងដែរ។

លោក វង សូត បានបន្ថែមថា ក្រសួងសង្គមកិច្ច បានផ្ដល់ការលើកទឹកចិត្តដល់អង្គការដៃគូ ដែលបាននិងកំពុងអនុវត្តគម្រោងលើកស្ទួយសុខុមាលភាព និងសកម្មភាពរបស់មនុស្សចាស់ នៅតាមសហគមន៍ ឲ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។

ជាក់ស្ដែងក្រសួងបានសហការជាមួយអង្គការ ជួយជនចាស់ជរាអន្តរជាតិកម្ពុជា បង្កើតកម្មវិធីថែទាំងមនុស្សចាស់ តាមលំនៅដ្ឋានដែលបានអនុវត្ត ចាប់តាំងពីឆ្នាំ២០០៤ នៅតាមបណ្ដាលខេត្តមួយចំនួនដូចជា បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប និងបន្តអនុវត្តនៅបណ្ដាលខេត្តផ្សេងទៀត ក្រោមការឧបត្ថម្ភមូលនិធីពីកិច្ចសហប្រតិបត្តិការ កូរ៉េ-អាស៊ានផងដែរ។

ការលើកឡើងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពកាងាររបស់គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងប្រកាសសមាសភាពថ្មី របស់គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ រៀបចំធ្វើនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។

ប្រកាសសមាសភាពគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ថ្មីដែលប្រកាសនាថ្ងៃនេះ មានចំនួន១៨រូប ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រធានកិត្តិយស, លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន, លោក យី យ៉ូន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអនុប្រធានអចិន្រ្តៃយ៍ និងលោកស្រី អ៊ឹម ស៊ីថៃ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ជាអនុប្រធាន, លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងសមាជិកជាច្រើនរូបទៀត។

គួរបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ជាយន្តការ សម្រាប់អនុវត្តការងារ លើវិស័យសុខុមាលភាពមនុស្សចាស់នៅកម្ពុជា បានឲ្យដឹងថា យុទ្ធសាស្ត្រ
ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣ ដើម្បីកាត់បន្ថយភាពក្រីក្រ ឱ្យស្ថិតនៅក្នុងអត្រាទាបជាង១០% ដោយផ្តោតលើការលើកកម្ពស់ ការចូលរួមក្នុង
យន្តការទីផ្សារ ការអនុវត្តគោលនយោបាយគាំពារសង្គម លើកកម្ពស់ជីវភាព ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ការកាត់បន្ថយគម្លាត សង្គម និងតាមតម្រូវការរបស់មនុស្សចាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕