(ភ្នំពេញ)៖ លោក គ្រីស្ទាន បែកហ្គឺ (Christian Berger) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ឋអាល្លឺម៉ង់ ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា បានសន្យាថា នឹងបន្តជួយគាំទ្រអភិវឌ្ឍន៍ធនធានមនុស្ស និងគាំពារសង្គមដល់ក្រសួងសុខាភិបាលបន្តទៀត ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ការលើកឡើងបែបនេះ របស់លោក គ្រីស្ទាន បែកហ្គឺ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជំនួបពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

លោកគ្រីស្ទាន បែកហ្គឺ បានថ្លែងបន្តថា ការដែលអាល្លឺម៉ង់បន្តជួយដល់ក្រសួងសុខាភិបាលនេះ គឺដោយសារតែមើលឃើញពីការរីកចម្រើនរបស់វិស័យនេះ គួរឲ្យកត់សំគាល់។ ដូចនេះអាល្លឺម៉ង់ នឹងបន្តខិតខំជួយដល់វិស័យសុខាភិបាលនៅកម្ពុជាជាបន្តទៀត ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងថែមទៀត ។

ជាកិច្ចឆ្លើយតប លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដ៏យ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយដល់ក្រសួងសុខាភិបាល ទាំងជំនួយបច្ចេកទេសនិងថវិកា ដែលធ្វើឲ្យកម្ពុជាទទួលបានជោគជ័យ ក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍សហសវត្សនាពេលកន្លងមក ហើយយើងនឹងបន្តខិតខំបន្តទៀត ដើម្បីឈានទៅសម្រេចឲ្យបានទៅតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ការពង្រីកការសហការជាមួយអាល្លឺម៉ង គឺមាននៅខេត្តកំពង់ធំ កំពត និងកែបនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសេវាថែទាំសុខាភិបាលសុខភាពបឋម ជូនដល់ពលរដ្ឋក្រីក្រ នៅតាមតំបន់ជនបទ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ក៏ដូចជាស្របទៅតាមគោលដៅ របស់រាជរដ្ឋាភិបាលរបស់យើង។

រដ្ឋមន្ត្រី ម៉ម ប៊ុន ហេង បានថ្លែងបន្តថា កន្លងមកនេះ អាល្លឺម៉ង់ ធ្លាប់បានជួយដល់ក្រសួងសុខាភិបាល លើជំនួយបច្ចេកទេស និងថវិកា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងគម្រោងមូលនិធិសមធម៌ ក្នុងការគាំពារសង្គមដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសជួយលើកកម្ពស់ដល់សុខភាពមាតា និងទារកទើបនឹងកើត៕