(ញូដេលី)៖ ស្ត្រីឥណ្ឌាម្នាក់មានអាយុ២១ឆ្នាំ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងទាំងនៅវ័យក្មេង ដោយសារតែប្ដី ចំអកថាជា «ស្រីស្បែកខ្មៅ»។ នេះបើតាមប៉ូលិសឥណ្ឌា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។

ប៉ូលិសឥណ្ឌា នៅក្នុងរដ្ឋ Rajasthan បានសរសេរកំណត់ហេតុពីករណីប្រឆាំងប្ដីរបស់ស្ត្រីខាងលើហើយ បន្ទាប់ពី ឪពុកខាងប្រពន្ធ បានប្ដឹងថាបុរសជាប្ដី គឺជាអ្នកទទួលខុសត្រូវចំពោះមរណភាពនៃកូនស្រីរបស់ខ្លួន។ ប៉ុន្តែ មិនទាន់ មានការចាប់ខ្លួននៅឡើយទេ ហើយបុរសជាប្ដីក៏មិនទាន់ចេញមុខនិយាយអ្វីដែរ។

គួរជម្រាបថា ករណីសម្លាប់ខ្លួនដោយសារត្រូវបានគេចំអកថាមាន «សម្បុរខ្មៅ» មិនមែនទើបតែកើតឡើងជាលើកទី១ នៅក្នុងប្រទេសឥណ្ឌានោះទេ។ ពោលគឺកាលពីឆ្នាំ២០១៤ ស្ត្រីម្នាក់មានអាយុ២៩ឆ្នាំ បានសម្លាប់ខ្លួនឯង បន្ទាប់ពី ត្រូវបានប្ដីចំអកថាមានស្បែកខ្មៅ (សម្បុរខ្មៅ) ហើយកាលពីឆ្នាំ២០១៨ ក្មេងស្រីម្នាក់អាយុ១៤ឆ្នាំ ក៏បានសម្លាប់ខ្លួន ផងដែរ ដោយសារតែមិត្តរួមថ្នាក់ហៅថា ស្រីអាក្រក់ស្បែកខ្មៅ៕