(ហ្សាការតា)៖ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អមដំណើរដោយ លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី បានដឹកនាំគណៈប្រតិភូអញ្ជើញ ជួបពិភាក្សាការងារជាមួយលោក YB BAPAK H.FACHRUL RAZI រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា នៃសាធារណរដ្ឋឥណ្ឌូណេស៉ី នៅទីស្តីការក្រសួង។

កិច្ចពិភាក្សា ភាគីឥណ្ឌូនេស៊ីបានបន្ត ជំរុញផ្តល់ឯកសារគតិយុត្តផ្លាស់ប្តូរបទពិសោធន៍ និងបណ្តុះបណ្តាល និតិវិធីនៃការគ្រប់គ្រងបច្ចេកទេស និងសហការគាំទ្រ វិស័យស្តង់ដារឧស្សាហកម្មហាឡាល ការគ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) ការគ្រប់គ្រងហ្សាកាត់ (ការបរិច្ចាគទាន) ប្រព័ន្ធសិក្សាធិការឥស្លាម និងសន្យាបន្ត ផ្តល់អាហារូបករណ៍ សម្រាប់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាតាមសកលវិទ្យាល័យនានា នៅសាធារណរដ្ឋឥណ្ឌូណេស៉ី។

លោករដ្ឋមន្ត្រី បានអបអរសាទរដល់សហគមន៍ឥស្លាមកម្ពុជា ដែលបានរួមរស់ប្រកបដោយសុខសន្តិភាព និងសុខដុមបនីយកម្មជាតិសាសន៍ ដោយគ្មានការរើសអើង និងគោរពស្រលាញ់គ្នា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុញ្ញាតឲ្យមាន តំណាងសហគមន៍ឥស្លាមនៅ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសិទ្ធសេរីភាព យ៉ាងពេញលេញខាងជំនឿសាសនា ធ្វើឲ្យមេដឹកនាំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនា នៃប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រុយណេ និងសិង្ហបុរី ហៅកាត់ថា MABIMS បានឯកភាពជាឯកច្ឆ័ន ក្នុងការបញ្ចូលកម្ពុជា តំណាងដោយទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាសមាជិក (MABIMS) ក្នុងគោលបំណងដើម្បីឲ្យកម្ពុជា កាន់តែមានភាពងាយស្រួល ក្នុងការទំនាក់ទំនង រិតចំណងសាមគ្គីភាព ផ្លាស់ប្តូរបទពិសោធន៍ និងដោះស្រាយបញ្ហាកិច្ចការឥស្លាមទូទៅ។

តាមលក្ខន្តិកៈរបស់ MABIMS ប្រទេសសមាជិក មិនត្រូវជ្រៀតជ្រែកកិច្ចការនយោនបាយគ្នាទៅវិញទៅមក ព្រោះក្នុង១ឆ្នាំ មានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ និងជំនួបថ្នាក់រដ្ឋមន្ត្រីកិច្ចការសាសនាក្រៅផ្លូវការ ២ឆ្នាំម្តង ដោយឆ្នាំ២០២០ ឥណ្ឌូណេស៊ីជាប្រធាន និងជាម្ចាស់ផ្ទះ។

លោក YB BAPAK H. FACHRUL RAZI រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥណ្ឌូណេស៉ី បានផ្តាំផ្ញើដោយក្តីគោរព និងនឹករលឹកជាទីបំផុត ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផងដែរ។

តាមការគ្រោងទុក នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ និងគណៈប្រតិភូ នឹងអញ្ជើញចូលជួបពិភាក្សាការងារ ជាមួយលោក YB MUHAMMAD TITO KARNA VIAN រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌូនេស៊ី ជាបន្តទៀត៕