(ហ្សាកាតា-ឥណ្ឌូនេស៉ី)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាបេសកជនពិសេស នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម OIC និងជាសមាជិកឧត្តមក្រុមប្រឹក្សាសម្ព័ន្ធឥស្លាមពិភពលោក RABITA បានលើកឡើងថា សន្តិភាព និងការរីកចម្រើននៅកម្ពុជា កើតឡើងបានដោយការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែករបស់មិត្តឥណ្ដូនេស៊ី។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញធ្វើបឋកថា ក្រោមប្រធានបទសុខដុមនីយកម្មជាតិសាសន៍ និងស្ថានការណ៍ នយោបាយនៅកម្ពុជា នៅឯសកលវិទ្យាល័យ Al-Azhar សាធារណរដ្ឋឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដែលមានថ្នាក់ដឹកនាំ និងនិស្សិតចូលរួមយ៉ាងច្រើនកុះករ។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបន្តថា ក្រោយពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំ ប្រទេសជាតិមួយ ដែលមានតែបាតដៃទទេ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសមួយនេះ ប្រែក្លាយខ្លួនជាប្រទេសដែលជាប់ចំណាត់ថ្នាក់ទី៧ នៅក្នុងពិភពលោក ដែលមានការអភិវឌ្ឍលឿនបំផុត នឹងមានកំណើនសេដ្ឋកិច្ចជាង៧ភាគរយ ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ។

លើសពីនេះ ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ ដែលជាគំរូដ៏ប្រពៃសម្រាប់ពិភពលោក បានបើកទូលាយ សិទ្ធិសេរីភាពជំនឿសាសនា ក្នុងនោះចំពោះសហគមន៍ឥស្លាម រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានទីកន្លែងថ្វាយបង្គំតាមទីសាធារណៈ ក្រសួងស្ថាប័នរដ្ឋ និងឯកជន ផ្ដល់សិទ្ធិដល់សិស្សនិស្សិតឥស្លាមជានារី នូវការពាក់ហ៊ីហ្ជា (សំលៀកបំពាក់នារីឥស្លាម) ចូលសាលា និងធ្វើការតាមក្រសួងស្ថាប័ននានា បង្កើតឲ្យមានកម្មវិធីស្រាយបួសថ្នាក់ជាតិ ការប្រឡងសូត្រគម្ពីរអាល់គូរអាន។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់បញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ចំនួន១,៥០០នាក់ ជាក្របខណ្ឌមន្ត្រីរាជការ ដែលទទួលប្រាក់បៀវត្ស ពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០១៥។ ទាំងនេះសុទ្ធសឹងជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ក្នុងនោះសហគមន៍ឥស្លាម ក៏ជាចំណែកមួយផងដែរ ដែលបានប្ដេជ្ញាសាមគ្គីគ្នាជាធ្លុងមួយ ដើរតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបន្តទៀតថា ប្រទេសឥណ្ឌូនេស៊ី ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាពនៅកម្ពុជា ទាំងក្នុងដំណាក់កាលចរចាផង និងដំណាក់កាលកិច្ចព្រមព្រៀងទីក្រុងប៉ារីសផង បានពង្រីកនូវកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ដោយបានជួយហ្វឹកហាត់ ដល់កងទ័ព និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា បានចូលរួមចំណែកបញ្ជូនកងទ័ពថែរក្សាសន្តិភាព (UNTAC) មកកាន់កម្ពុជា ផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិតកម្ពុជា ក្នុងនោះរួមមាន និស្សិតខ្មែរឥស្លាមផងដែរ។

មិនតែប៉ុណ្ណោះ សាធារណរដ្ឋឥណ្ឌូនេស៊ី បានជួយជ្រោមជ្រែងសហការផ្ដួចផ្ដើម បង្កើតសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា ដើម្បីចូលជាសម្ព័ន្ធបញ្ញវន្តមុស្លិម អាស៊ានផងដែរ។ ដោយឡែក សហគមន៍ខ្មែរឥស្លាមកម្ពុជា បានស្គាល់ឥណ្ឌូនេស៉ីច្បាស់ តាមរយៈទំនាក់ទំនងវប្បធម៌ ប្រពៃណី និងសាសនា កម្ពុជាបានចាត់ទុកសាធារណរដ្ឋឥណ្ឌូនេស៊ី ជាមិត្តដ៏ល្អ។

គួរជម្រាបជូនថា University Al-Azhar Indonesia បានបើកដំណើរការនៅ២០០០។ បច្ចុប្បន្នមានសិស្ស និស្សិត ចំនួន៥,០០០នាក់ ចំណុះដោយមហាវិទ្យាល័យ ចំនួន៦។ សាកលវិទ្យាល័យ បានសម្រេចផ្ដល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ចំនួន៣០នាក់ ក៏គ្រោងនឹងចុះអនុស្សារណៈជាមួយអង្គការ មូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ដើម្បីទទួលពួកគេផងដែរ៕