(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ លោកឧកញ៉ាមហាឧបាសក នៅ គន់ និងលោកស្រី សៅ វណ្ណា ត្រូវជាមាតាបិតាទេសរដ្ឋមន្ត្រី គន់ គីម និងលោក គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយកូនៗ និងញាតិមិត្តជិតឆ្ងាយ មានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធពិធីបុណ្យកឋិនទានដង្ហែរចូលទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តពោធិជ័យមង្គល ហៅវត្តដំណាក់ចារ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ពិធីសូត្រមន្តតាមបែបសាសនា នារសៀលថ្ងៃទី៣០ ខែតុលា និងដង្ហែរចូលវត្តនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

អង្គកឋិនទាននេះ ធ្វើឡើងដើម្បីប្រមូលបច្ច័យ ប្រគេនជូនទីអារាមមួយនេះ និងកសាងព្រះពុទ្ធរូបធំមួយអង្គកម្ពស់៩ម៉ែត្រ និងព្រះពុទ្ធរូប១០៨អង្គ ស្រះទឹក និងស្ពានឆ្លង ទុកជាទីសក្ការៈរបស់ប្រជាពលរដ្ឋ។

នាឱកាសនោះ លោកឧកញ៉ាមហាឧបាសក នៅ គន់ និងភរិយា បានសម្តែងនូវក្តីរីករាយ ដែលកូនៗនិងលោក ព្រមទាំងលោក លោកស្រី ញាតិមិត្តពុទ្ធបរិស័ទ្ធជិតឆ្ងាយ រួមគ្នាធ្វើបុណ្យកឋិនទាន នេះឡើង ដោយបានប្រមូលបច្ច័យបានរហូតជាង ២៨០លានរៀល ដោយបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តជឿជាក់ និងគាំទ្រ រួមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន បន្តកសាងសមិទ្ធផលក្នុងទីអារាមនេះ ក៍ដូចជាទូទាំងប្រទេសបន្ថែមទៀត។

សូមជម្រាបថា អង្គកឋិនទាន ដែលដង្ហែរចូលវត្តដំណាក់ចារនេះ ប្រមូលបច្ច័យបានចំនួន ២៧៧លាន៤សែនរៀល ព្រមទាំងបច្ច័យសង្កត់ត្រៃ ៤លាន៦សែនរៀល ប្រគេនជូនព្រះសង្ឃ៩អង្គ ក្នុង១អង្គ៥០មុឺនរៀល និងនេនតូចក្នុង១អង្គ១០ម៉ឺនរៀល ព្រមទាំងចែកថវិការដល់តាជីយាយជីប្រមាណ២០០នាក់ ក្នុងម្នាក់១ម៉ឺនរៀល និងសិស្សានុសិស្សតូចៗប្រមាណ៦០០នាក់ ក្នុងម្នាក់២ពាន់រៀល ក៍ដូចជាផ្តល់នូវភេសជ្ជៈ អាហារពិសារដោយឥតគិតថ្លៃ ចំណែកនាពេលរាត្រី មានដុតកាំជ្រួច និងការសម្តែងល្ខោនផងដែរ៕