(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ក្នុងបរិវេណវត្តទីឃវ័ន ហៅវត្តព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ មានរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋចំនួន ០៣សង្កាត់គឺ សង្កាត់ពងទឹក សង្កាត់ព្រៃវែង និងសង្កាត់ក្រាំងពង្រ នៃខណ្ឌដង្កោ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស, មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខណ្ឌដង្កោ ក្នុងការបំពេញ បេសកកម្ម ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារដែលរួមមានលោក អ៉ឹង អៀង រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល, មន្ត្រីក្រសួងមហាផ្ទៃ, ក្រសួងកិច្ចការនារី, ក្រុមប្រឹក្សារាជធានី អភិបាលខណ្ឌដង្កោ លោក នុត ពុធតារា និង អជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ សមាជិកសមាជិកាក្រុមការងារជាច្រើនរូប ដើម្បី ផ្សព្វផ្សាយខ្លឹមសារឯកសារជំនួយស្មារតីសម្រាប់ការងារសាធារណ:មតិ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាទទួលដោះស្រាយនូវ តម្រូវការ ចាំបាច់និងសំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជានិច្ចជាកាលគេតែងឃើញឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានទម្លាប់មួយគឺ គ្រប់ពេលចុះមូលដ្ឋានលោកតែងនាំយកនូវអាហារសម្រន់ ដូចជា នំបុ័ង ការ៉េម ទឹកសុទ្ធ ទឹកអំពៅ ឬភេជ្ជៈនិងអាហារផ្សេងៗ ចែកជូនដល់សមាជិកដែលចូលរួមទាំងអស់ បរិភោគរួមគ្នាបង្កើតបានជាបរិយាកាសរីករាយនិងស្និទ្ធស្នាល។
សម្រាប់កម្មវិធីនាថ្ងៃនេះ ក៏មិនខុសពីពេលមុនៗដែរ សមាជិកគ្រប់គ្នា បានទទួលការ៉េមនំប៉័ងទឹកសុទ្ធពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មកបរិភោគជាមួយគ្នាដោយ ទឹកមុខញញឹមញញែមរីករាយនិងស្និតស្នាលក្រៃលែង។ ក្នុងវេទិកាសាធារណៈនាពេលនេះបងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវកង្វល់និងសំណូមពរជាច្រើន ដាក់ជូន ដល់ ក្រុមការងារដើម្បីជួយដោះស្រាយ ហើយក្រុមការងារ អាជ្ញាធរ និងមន្ត្រីជំនាញ ក៏បានពន្យល់បកស្រាយ នូវចម្ងល់ទាំងឡាយរបស់ពួកគាត់ បានយល់ច្បាស់តាមបញ្ហាជាក់ស្តែង និងទទួលសំណូមពររបស់ពួកគាត់ មកសិក្សា ដោះស្រាយតាមជំនាញនិងបញ្ហានីមួយៗ។

ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានជម្រាបនិងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងអង្គវេទិកាសាធារណ:ទាំងអស់ ឲ្យបានយល់ជ្រួតជ្រាបពីសភាពការណ៍ថ្មីៗ តាមខ្លឹមសារឯកសារជំនួយស្មារតីសម្រាប់ការងារសាធារណ:មតិ សំដៅពង្រឹងសតិអារម្មណ៍បងប្អូន ប្រជាពលរដ្ឋកុំឲ្យលង់ខ្លួន ជឿតាមឧបាយកល ដ៏ពិសពុលរបស់ ក្រុម ប្រឆាំង ឬទៅចូលរួមក្នុងសកម្មភាពណារបស់ពួកវា ដែលនាំឲ្យមានទោសធ្ងន់ធ្ងរដល់ខ្លួន។ ជាចុងបញ្ចប់ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្តាំផ្ញើ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍សង្គមជាតិក្រោមម្លប់សន្តិភាពសម្តេចតេជោនៃយើងទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិ កាន់តែរីកចម្រើនរុងរឿងតទៅមុខទៀត៕