(ភ្នំពេញ)៖ គិតមកដល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ សរុបចំនួនប្រមាណ ៣.៣៦ប៊ីលានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ២.៨៦ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៤៩៨ លានដុល្លារអាមេរិក។

ទំហំហិរញ្ញប្បទាននេះ ត្រូវបានប្រកាសឡើងនៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន ០២ ដែលមានទឹកប្រាក់សរុបចំនួន ៩០ លានដុល្លារអាមេរិក៖ ១) កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី២) និង ២) កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ជំហានទី ៣ រវាងរាជរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រសួងសេដ្ឋកិច្ច។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកានេះ។ 

សេចក្តីប្រកាសព័ត៌មាន បានដកស្រង់សំដីរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានលើកឡើងថា «បើរំលឹកឡើងវិញ អំពីកិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៣.៣៦ ប៊ីលានដុល្លារអាមេរិក ដោយគិតបញ្ចូលទាំងកិច្ចព្រមព្រៀងចំនួន០២ ដែលបានចុះហត្ថលេខក្នុងថ្ងៃនេះ ដែលក្នុងនោះ ឥណទានសម្បទានមានទឹកប្រាក់សរុបចំនួនប្រមាណ ២.៨៦ ប៊ីលានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន ១១២ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៤៩៨ លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន ៥៧។ ទាំងនេះ បង្ហាញពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំរបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា»

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមានចិត្ត និងសុភវិនិច្ឆ័យរបស់ ADB ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងខាងលើ និងបានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាព ក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេចឱ្យបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង និងឆ្ពោះទៅរកវិបុលភាព។

សូមជម្រាបថា កិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន០២ ដែលមានទឹកប្រាក់សរុបចំនួន៩០លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៩ រួមមាន៖

១៖ កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី២)៖

គ្រោងចំណាយថវិកាសរុប៤០លានដុល្លារអាមេរិក ក្នុងគោលបំណងបន្ត និងគាំទ្រការអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗ ជាអាទិភាពក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ឱ្យកាន់តែរឹងមាំ និងផ្អែកលើគោលការណ៍ទីផ្សារ ដែលបម្រើឱ្យការកៀរគរ និងបែងចែកធនធានហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រមួយកម្រិតថែមទៀត ជាពិសេស កម្មវិធីនេះនឹងគាំទ្រជាចម្បងទៅលើ៖

* ការពង្រីក សេវាកម្មហិរញ្ញវត្ថុឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្រីក្រ;
* ការធ្វើឱ្យស្ថេរភាពវិស័យហិរញ្ញវត្ថុកាន់តែមាន លក្ខណៈល្អប្រសើរ និង
* ការធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធហិរញ្ញវត្ថុកាន់តែប្រសើរឡើង ។

២៖ កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី៣៖

គ្រោងចំណាយថវិកាសរុប ៥៥,៦៣ លានដុល្លារអាមេរិក សម្រាប់គាំទ្រយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាតអនាម័យ និង អនាម័យជនបទ ២០១៤-២០២៥ និង ផែនការ សកម្មភាពជាតិសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតអនាម័យជនបទ ២០១៩-២០២៣ ដោយផ្តោតសំខាន់លើ៖

* ការកែទម្រង់ គោលនយោបាយផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
* កម្មវិធីវិនិយោគ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋរស់នៅស្រុកចំនួន ១១ នៃខេត្ត គោលដៅចំនួន១០ (បន្ទាយមានជ័យ, បាត់ដំបង, កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពង់ធំ, កំពត, ពោធិសាត់ និងសៀមរាប ព្រះវិហារ និងឧត្តរមានជ័យ) ដោយផ្តោតលើ៖ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផ្គត់ផ្គង់ទឹកជនបទ, ការពង្រីក ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មអនាម័យជនបទ និង ការពង្រឹងសមត្ថភាពស្ថាប័ន គ្រប់គ្រង និងធនធានមនុស្សក្នុងខេត្ត គោលដៅពាក់ព័ន្ធនឹងការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទ៕