(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ដែលមានទឹកប្រាក់ចំនួន២,៧៧៧លានយ៉េន (ប្រមាណជា២៧លានដុល្លារអាមេរិក)។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញនេះ មានទិសដៅចម្រោះទឹកកខ្វក់ មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយ កន្លែងនៅបឹងជើងឯក ក្នុងសង្កាត់ជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ និងបំពង់បង្ហូរទឹកកខ្វក់ដែលមានប្រវែង២,០០០ម៉ែត្រ មានមុខកាត់៥០០មីលីម៉ែត្រ តភ្ជាប់ពីស្ថានីយ៍បូមបឹងត្របែក។

រោងចក្រប្រព្រឹត្តកម្មនេះ មានសមត្ថភាព ចម្រោះទឹកកខ្វក់បាន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ការសាងសង់នឹងត្រូវចាប់ផ្តើម នៅចុងឆ្នាំ២០២០ ដែលមានរយៈពេលប្រមាណ៣២ខែ។ បន្ថែមពីលើការសាងសង់គម្រោង ក៏នឹងផ្តល់ជំនួយបច្ចេកទេស សម្រាប់ពង្រឹងសមត្ថភាពមន្ត្រី ក្នុងការគ្រប់គ្រងរោងចក្រដំណើរការ និងហិរញ្ញវត្ថុផងដែរ។

គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញនេះ ជាគម្រោងបំពេញបន្ថែម ឲ្យគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហានទី១ ទី២ ទី៣ និងទី៤ ដែលត្រូវបានសាងសង់ ដោយហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុនផងដែរ។

គម្រោងនេះ នឹងចូលរួមចំណែកដល់កិច្ច ខិតខំប្រឹងប្រែងរបស់សាលារាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបយ៉ាងជាក់ច្បាស់ ទៅនឹងសេចក្តីត្រូវការជាអាទិភាព ក្នុងការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលនាំមកនូវការការពារ និងលើកម្ពស់គុណភាពទឹក និងអនាម័យបរិស្ថាន ស្របទៅនឹងមុំទី១ នៃចតុកោណទី៤ ដូចមាន ចែងក្នុង ឯកសារយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ដែលត្រូវចុះហត្ថលេខានេះ គឺជាឯកសារគតិយុត្តិមួយទៀត បន្ទាប់ពីលិខិតប្តូរសារ ដែលទើបត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលអាចនាំឲ្យឈានទៅដល់ការអនុវត្តនីតិវិធីបន្តបន្ទាប់ទៀត សម្រាប់ការអនុវត្តគម្រោងជាក់ស្តែង។

ជារួមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ពីប្រទេសជប៉ុន និងប្រជាជនជប៉ុន ឬនិយាយឲ្យចំទៅថា «អ្នកបង់ពន្ធជប៉ុន» ចាប់ពីដំណើរការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន មានចំនួនសរុបប្រមាណជាង៥,០០០លានដុល្លារអាមេរិក ក្នុងនោះ មានហិរញ្ញប្បទានឥតសំណងប្រមាណជាង៣,៥០០លានដុល្លារអាមេរិក៕