(ភ្នំពេញ)៖ ក្រុមហ៊ុនបុរី «វេង ឡុង» ដែលសាងសង់សំណង់ផ្ទះល្វែងលក់មានទីតាំងនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ គ្រប់គ្រងដោយលោក តេង ម៉ាប់ និងភរិយាលោកស្រី តែ គឹមឆេង ដែលរងការចោទថា មិនគោរពតាមកិច្ចព្រមព្រៀងទិញ-លក់ផ្ទះល្វែងរយៈពេលជាង ៣ឆ្នាំ លើអតិថិជនក្នុងម្នាក់ៗ ខាតបង់អស់ខ្ទង់រាប់ម៉ឺនដុល្លារនោះ កាលពីពេលថ្មីៗនេះ ត្រូវបានរដ្ឋបាល ខណ្ឌច្បារអំពៅ កោះហៅឲ្យចូលខ្លួនដោះស្រាយជាមួយអតិថិជនរបស់ខ្លួនគឺលោក ព្រហ្ម វណ្ណដា និងភរិយាលោកស្រី គង់ សុភ័ស្ដ ក្រោយរងគ្រោះដោយសារកក់ប្រាក់ទិញផ្ទះល្វែងពីក្រុមហ៊ុន ចំនួន ៣លើក អស់១៤៥០០ដុល្លារ។

ក្រោមការសម្របសម្រួលដោយប្រធានការិយាល័យអន្តរវិស័យសាលាខណ្ឌ ក្នុងការរកដំណោះស្រាយ រយៈពេលប៉ុន្មានម៉ោងរវាងភាគីរងគ្រោះដើមបណ្ដឹងជាមួយចុងបណ្ដឹងម្ចាស់បុរី មិនទាន់ទទួល បានលទ្ធផលគាប់ប្រសើរឡើយ និងអាចឈានទៅរកដំណោះស្រាយជាលើកទី ២ទៀត ដោយសារម្ចាស់ក្រុមហ៊ុនបុរីគឺលោកស្រី តែ គឹមឆេង ទាមទារដោះស្រាយគ្នាតាមផ្លូវតុលាការ ហាក់បីដូចជាមានចេតនាមើលស្រាលដល់សមត្ថភាពរបស់អាជ្ញាធរមូលដ្ឋាន។ សូមបញ្ជាក់ជូនថា ការដោះស្រាយគ្នានៅសាលាខណ្ឌនោះ លោក តេង ម៉ាប់ មិនបានចូលខ្លួននោះឡើយទំនង គេចខ្លួនបាត់ក៏មិនដឹង។

យ៉ាងណាក៏ដោយ លោក ព្រហ្ម វណ្ណដា និងភរិយា ដែលមានឯកសារកិច្ចព្រមព្រៀងទិញ-លក់ផ្ទះល្វែងEO លេខ33B មានទទឹង ៤ម៉ែត្រ បណ្ដោយ ១៦ម៉ែត្រ ក្នុងគម្រោងទី៥ ពីក្រុមហ៊ុនបុរី «វេង ឡុង» តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ខាតបង់ប្រាក់កក់៣លើកអស់ចំនួន ១៤៥០០ដុល្លារ មកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានសម្រេចដាក់ពាក្យបណ្ដឹងនៅរដ្ឋបាលសង្កាត់ព្រែកប្រា និងរដ្ឋបាលខណ្ឌច្បារអំពៅបន្ថែមទៀតហើយ ដើម្បីទប់ស្កាត់ការលក់ បញ្ចាំ ជួល ផ្ទេរសិទ្ធិ និងកាត់ឈ្មោះរាល់អចលនវត្ថុទាំងអស់របស់ក្រុមហ៊ុនបុរី «វេង ឡុង»។

ក្រោយដាក់ពាក្យបណ្ដឹងរួច តាមរយៈភ្នាក់ងារ Fresh News នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជនរងគ្រោះទាំង២នាក់ប្ដី-ប្រពន្ធ សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយជំរុញ និងពន្លឿនក្នុងការដោះស្រាយរកយុត្តិធម៌ ប្រសិនបើមិនអាចទទួលបានសំណងមកវិញសមរម្យទេ ពួកគាត់សុខចិត្តបង់រំលោះជាមួយអ្នកលក់ គឺលោកស្រី តែ គឹមឆេង ក្នុងចំនួនប្រាក់ដើម ៥០០០០ដុល្លារ ក្នុងអត្រាការប្រាក់១% សម្រាប់រយៈពេល ៥ឆ្នាំ ជារៀងរាល់ដើមខែ តាមឯកសារ នៃកិច្ចព្រមព្រៀងលក់-ទិញផ្ទះ ដែលមានស្រាប់ហើយ ដើម្បីទទួលបានផ្ទះមួយរស់នៅដូចគេឯង ក្នុងន័យបញ្ចប់រឿងគ្រប់យ៉ាង។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ លោក ព្រហ្ម វណ្ណដា និងភរិយាលោកស្រី គង់ សុភ័ស្ដ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដទៃទៀត ដែលបានទិញផ្ទះល្វែងបុរី «វេង ឡុង» បានស្នើសុំយ៉ាងទទូចដល់ស្ថាប័នរដ្ឋពាក់ព័ន្ធ និងមន្រ្តីពាក់ព័ន្ធ មេត្តាជួយរកដំណោះស្រាយពីលោកស្រី តែ គឹមឆេង និងលោក តេង ម៉ាប់ (២នាក់ប្ដីប្រពន្ធ) ម្ចាស់ក្រុមហ៊ុនបុរី «វេង ឡុង» ដើម្បីឲ្យចេញមុខមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីក្បត់ទំនុកចិត្ត ក្នុងការដោះស្រាយរកយុត្តិធម៌តាមកិច្ចព្រមព្រៀងទិញ-លក់ ជូនអតិថិជនរបស់ខ្លួនមួយចំនួន ដែលរងទុក្ខសោកដោយសារខ្ចីបុលពីធនាគារមកទិញផ្ទះល្វែងខ្ទង់ម៉ឺនដុល្លារក្នុងម្នាក់ៗ។

នៅក្នុងកិច្ចព្រមព្រៀងទិញ-លក់ គឺមានឈ្មោះម្ចាស់សំណង់ផ្ទះល្វែងបុរីក្រុមហ៊ុន «វេង ឡុង» លោក តេង ម៉ាប់ អាយុ៥១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណខ្មែរ លេខ០១០០៧៩៨៩៨ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០១ អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ២១៦ ផ្លូវលេខ៣៥៩ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឈ្មោះ តែ គឹម ឆេង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណខ្មែរ លេខ០១០៤៨៤៩៨៥ ចុះថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០០៣ អាស័យដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ២១៦ ផ្លូវលេខ ៣៥៩ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ត្រូវជាភរិយា ដែលជាភាគីអ្នកលក់។

ក្នុងកិច្ចព្រមព្រៀងទិញ-លក់ ផ្ទះល្វែងរបស់លោក ព្រហ្ម វណ្ណដា និងលោកស្រី គង់ សុភ័ស្ដ បញ្ជាក់ថា ពិតជាបានទិញផ្ទះល្វែងEO លេខ33B ដែលមានទទឹង ៤ម៉ែត្រ បណ្ដោយ ១៦ម៉ែត្រ ក្នុងគម្រោងទី៥ របស់ក្រុមហ៊ុនបុរី «វេង ឡុង» ប្រាកដមែនក្នុងទំហំទឹកប្រាក់ចំនួន ៦៣០០០ដុល្លារ ដោយបានផ្ដិតមេដៃលើឯកសារកក់ប្រាក់ជាមុនរួចរាល់ ៣លើកមកហើយ ចំនួន ១៤៥០០ដុល្លារ ហើយស្នើសុំបង់រំលោះជាមួយអ្នកលក់ គឺលោកស្រី តែ គឹមឆេង ចំនួនប្រាក់ដើម ៥០០០០ដុល្លារ ក្នុងអត្រាការប្រាក់១% សម្រាប់រយៈពេល ៥ឆ្នាំ (៦០ខែ) ជារៀងរាល់ដើមខែ ចាប់ពីថ្ងៃទី០១ ខែ០៤ ឆ្នាំ២០១៦តទៅ ក្រៅពីប្រជាពលរដ្ឋដ៏ទៃទៀត ខ្ចីប្រាក់ពីធនាគារផ្សេងៗ យកមកកក់ទិញផ្ទះក្នុងម្នាក់ៗ រាប់ម៉ឺនដុល្លារ។

ក្នុងកិច្ចព្រមព្រៀងទិញ-លក់ផ្ទះល្វែងដដែល បានបញ្ជាក់ទៀតថា ជនរងគ្រោះទាំង២នាក់ប្តី-ប្រពន្ធ បានកក់ប្រាក់លើកទី១ ជូនក្រុមហ៊ុនបុរី «វេង ឡុង» ចំនួន ៥០០ដុល្លារ និងលើកទី២ ចំនួន៣០០០ដុល្លារ កាលពីថ្ងៃទី១៤ និងថ្ងៃទី២៩ ខែ០១ ឆ្នាំ២០១៦ ហើយលើកទី៣ កក់ប្រាក់នៅថ្ងៃទី២៩ ខែ០២ ឆ្នាំ២០១៦ ចំនួន ៩៥០០ដុល្លារបន្ថែមទៀត សរុប ១៤៥០០ដុល្លារ ដោយក្រុមហ៊ុនធានាបន្តការសាងសង់ត្រូវបញ្ចប់កំឡុងពេលត្រឹម ១៨ខែ ប៉ុណ្ណោះ ប៉ុន្តែក្រោយមកស្រាប់តែមានហេតុការណ៍លោក តេង ម៉ាប់ និងលោកស្រី តែ គឹមឆេង ម្ចាស់ក្រុមហ៊ុនបុរី កើតជម្លោះផ្ទៃក្នុងប្ដឹងផ្ដល់លែងលះគ្នានៅស្ថាប័នតុលាការ។

ករណីនេះ លោកស្រី តែ គឹមឆេង តំណាងដោយឈ្មោះ វេង ឡុង ក៏បានចូលខ្លួនមកបំភ្លឺក្នុងនាមចុងចម្លើយ ហើយដើមចោទឈ្មោះ ព្រហ្ម វណ្ណដា (ភាគីរងគ្រោះ) ប្ដឹងទាមទារប្រាក់ ចំនួន ៥២០០០ដុល្លារ (សងជម្ងឺចិត្ត និងខាតបង់ពេលវេលា) នៅសាលាដំបូងរាជធានីភ្នំពេញ រឿងទិញ-លក់ផ្ទះល្វែងនេះឯង តាមការកោះហៅរបស់លោកក្រឡាបញ្ជី លី វ៉ាន់ហេង និងលោកចៅក្រម ធ្ធាំ ប៊ុណ្ណា កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

សូមជម្រាបថា បើតាមព័ត៌មានមួយចំនួន បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋ ចំនួន ១៩គ្រួសារ ដែលជាអតិថិជន (អ្នកទិញ) សំណង់ផ្ទះល្វែងរបស់ក្រុមហ៊ុន «វេង ឡុង» បានទទួលដំណឹងពីធនាគារមួយ ក្នុងការប្រកាសដាក់លក់ឡាយឡុងបុរី «វេង ឡុង» ទាំងមូលកំឡុងពេលដ៏ខ្លី ពោលគឺដាក់លក់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ដោយអ្នកបង់រំលោះទិញតាមរយៈ ធនាគារនៅតែបន្តបង់ និងអ្នកដែលទិញកក់ប្រាក់ តាមរយៈម្ចាស់សំណង់ មិនត្រូវបានតម្រូវឱ្យបង់បន្តទៀតឡើយ ក្រោយពីលោក តេង ម៉ាប់ និងលោកស្រី តែគឹមឆេង ម្ចាស់ក្រុមហ៊ុនបុរី «វេង ឡុង» កើតមានជម្លោះផ្ទៃក្នុងប្ដឹងផ្ដល់លែងលះគ្នានៅតុលារ។ ប៉ុន្តែមកទល់បច្ចុប្បន្ននេះ ទីតាំងក្រុមហ៊ុនបុរី «វេង ឡុង» ទាំងមូលស្ថិតក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននិងកំពុងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុនបុរី «Chey outdone»។

យ៉ាងណាក៏ដោយ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីលោក តេង ម៉ាប់ និងលោកស្រី តែ គឹមឆេង បាននោះទេចំពោះការចោទប្រកាន់ពីអតិថិជនរបស់ខ្លួន៕