(ស្ទឹងត្រែង)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក គឹម ប្រុស ប្រធានសាខានៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធររដ្ឋបាលក្រុងស្ទឹងត្រែង បានចុះត្រួតពិនិត្យទំនិញតាមស្តង់តាំងពិពណ៌ ស្ថិតនៅក្រុងស្ទឹងត្រែង ក្នុងឱកាសបុណ្យអុំទូកខេត្តស្ទឹងត្រែង រកឃើញប្រហិតចំរុះខូចគុណភាពចំនួន ១០គីឡូក្រាម និងចាហ៊ួយក្មេងខូចគុណភាពចំនួន ៣kgs ដកហូតកំទេចចោលតែម្តង។

លោក គឹម ប្រុស បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញ តាមស្តង់តាំងពិពណ៌ ស្ថិតនៅក្រុងស្ទឹងត្រែង ក្នុងឱកាស បុណ្យអុំទូកខេត្តស្ទឹងត្រែង ខាងលើ រួចមកក្រុមការងារបានរកឃើញប្រហិតចំរុះ ខូចគុណភាពចំនួន១០គីឡូក្រាម និងចាហ៊ួយក្មេង ខូចគុណភាព ចំនួន៣kgs ក្រុមការងារបានធ្វើកំណត់ ដកហូតដុតកម្ទេចចោលភ្លាមៗ។

ជាមួយគ្នានេះដែរ មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវដល់អាជីវករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានម៉តចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕